ធនាគារ PPCBank មានមោទនភាព ក្នុងការចូលរួមពិធីសម្ពោធមន្ទីរពេទ្យបេះដូងជប៉ុន ដែលបានរៀបចំឡើងនាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥។ ព្រឹត្តិការណ៍នេះ គឺជាការបោះជំហានឆ្ពោះទៅមុខដ៏សំខាន់មួយ ក្នុងការលើកកម្ពស់ការផ្តល់ការពិនិត្យព្យាបាលជំងឺ ដោយឥតគិតថ្លៃដល់កុមារ រួមទាំងកុមារដែលកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកផងដែរ។
PPCBank ចូលរួមអបអរសាទរពិធីសម្ពោធជាផ្លូវការ មន្ទីរពេទ្យបេះដូងជប៉ុន ដើម្បី គាំទ្រការផ្តល់សេវាថែទាំសុខភាពកាន់តែប្រសើរ
មន្ទីរពេទ្យបេះដូងជប៉ុន ដែលមានទីតាំងស្ថិតនៅក្នុងខេត្តកណ្តាល ត្រូវបានបង្កើតឡើងជាមួយនឹង បេសកកម្មផ្តល់នូវការថែទាំសុខភាពមានគុណភាពខ្ពស់ ដល់ប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន ជាពិសេសកុមារដែលមកពីគ្រួសារខ្វះខាត។ មន្ទីរពេទ្យនេះ ត្រូវបានដំណើរការដោយអង្គការ Japan Heart ជាអង្គការសុខាភិបាលសប្បុរសធម៌មិនមែនរដ្ឋាភិបាល ដែលត្រូវបានទទួលស្គាល់ ចំពោះការប្តេជ្ញាចិត្តយូរអង្វែងរបស់ខ្លួន លើការផ្តល់សេវាវេជ្ជសាស្រ្តមនុស្សធម៌នៅអាស៊ី។
វត្តមានចូលរួមរបស់ធនាគារ PPCBank នៅក្នុងឱកាសពិសេសនេះ បានសបញ្ជាក់ពី ការយកចិត្តទុកដាក់ខ្ពស់ចំពោះសកម្មភាពទំនួលខុសត្រូវសង្គម និងកិច្ចខិតខំប្រឹងប្រែង ជាបន្តបន្ទាប់របស់ធនាគារ ក្នុងការរួមចំណែកលើកកម្ពស់សុខភាព និងសុខុមាលភាព របស់សហគមន៍កម្ពុជា។ តាមរយៈព្រឹត្តិការណ៍ដ៏សំខាន់នេះផងដែរ ធនាគារជឿជាក់ថា ការទទួលបានសេវាថែទាំសុខភាពប្រកបដោយទំនុកចិត្ត គឺមានសារៈសំខាន់ណាស់ ក្នុងការកសាងសង្គមមួយឲ្យកាន់តែរឹងមាំ និងពោរពេញដោយក្តីមេត្តា។
ពិធីសម្ពោធសមិទ្ធផលដ៏ថ្លៃថ្លានេះ មានការចូលរួមពីអភិបាលខេត្តកណ្តាល តំណាងធនាគារ PPCBank តំណាងស្ថានទូតជប៉ុន មន្ត្រីមូលដ្ឋាន ព្រមទាំងក្រុមគ្រូពេទ្យ និងសមាជិកទាំងអស់នៃមន្ទីរពេទ្យ បេះដូងជប៉ុន ក្នុងគោលបំណងឆ្លុះបញ្ចាំងអំពីសារៈសំខាន់នៃការនាំមកនូវការផ្លាស់ប្តូរជាវិជ្ជមាន ដើម្បីធានាបានថាប្រជាជនកម្ពុជាកាន់តែច្រើន មានលទ្ធភាពទទួលបានការថែទាំសុខភាព និងការព្យាបាលពេញលេញ៕






