Skip to main content

បុគ្គលិកធនាគារ PPCBank ជាង ១០០នាក់ ចូលរួមរត់ប្រណាំង អបអរសាទរ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ


ភ្នំពេញ៖ នៅថ្ងៃអាទិត្យ ទី១១ ខែមិថុនា ឆ្នាំ២០២៣ បុគ្គលិកធនាគារ PPCBank ចំនួនជាង ១០០នាក់ បានចូលរួមក្នុងទិវារត់ប្រណាំងភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិលើក ទី១១។ ព្រឹត្តិការណ៍នេះត្រូវបានចាប់ផ្ដើម និងបញ្ចប់នៅមុខព្រះបរមរាជរាំង ដើម្បីចូលរួម អបអរសាទរបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ។


ចំពោះវិញ្ញាសារត់ប្រណាំង គឺមាន៤ វិញ្ញាសា រួមមាន៖ រត់ចម្ងាយ ២,៥ គីឡូម៉ែត្រ, ៥ គីឡូម៉ែត្រ, ១០ គីឡូម៉ែត្រ និង២១ គីឡូម៉ែត្រ ដោយចាប់ផ្ដើមចេញដំណើរនៅវេលាម៉ោង ៥:៣០ នាទីព្រឹក។ ក្នុងនោះបុគ្គលិកធនាគារ PPCBank បានចូលរួមនៅក្នុងវិញ្ញាសារត់ ចម្ងាយ ៥ គីឡូម៉ែត្រ ដែលការរត់នេះ មិនត្រឹមតែដើម្បីអបអរសាទរព្រះរាជពិធីបុណ្យ ចម្រើនព្រះជន្មគម្រប់ ៨៧ យាងចូល ៨៨ ព្រះវស្សារបស់សម្ដេចព្រះមហាក្សត្រី ព្រះវររាជ មាតាជាតិខ្មែរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការរួមចំណែកដល់ការលើកកម្ពស់សុខភាព ការកសាងស្មារតីជាក្រុម និងការជំរុញលើកទឹកចិត្តបុគ្គលិកគ្រប់រូបនៅធនាគារ PPCBank ឲ្យបង្កើតទម្លាប់នៃការហាត់ប្រាណ ដើម្បីទទួលបាននូវសុខភាពល្អ។

ព្រឹត្តិការណ៍ក្នុងឆ្នំានេះមានអ្នកចូលរួមរត់សរុបចំនួន ៤,០០០នាក់។ ថ្នាក់ដឹកនាំ ក៏ដូចជា បុគ្គលិកទាំងអស់នៃធនាគារ PPCBank មានក្តីសប្បាយរីករាយ ស្នាមញញឹមគ្រប់ៗគ្នា ដោយម្នាក់ៗរត់ក្នុងស្មារតីមិត្តភាព សាមគ្គីភាព និងជំនឿចិត្តចំពោះគ្នាទៅវិញទៅមកយ៉ាង ល្អប្រសើរទៀតផង។

តាមរយៈការចូលរួមរបស់ធនាគារ PPCBank ក្នុងទិវារត់ប្រណាំងភ្នំពេញពាក់កណ្ដាល ម៉ារ៉ាតុងអន្តរជាតិលើកទី១១នេះ ក៏ជាការរួមចំណែកមួយផងដែរ ក្នុងការស្វែងរកថវិកា ជួយដល់ជួយមន្ទីរពេទ្យគន្ធបុប្ផា និងយុទ្ធនាការបរិស្ថានស្អាត ទីក្រុងបៃតង។