Skip to main content

ធនាគារ PPCBank ចុះអនុស្សារណៈយោគយល់ជាមួយ CADT និងប្រគល់ប្រាក់ចំនួន ៥,០០០ ដុល្លារ


ភ្នំពេញ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២៖ធនាគារ PPCBank បានចុះហត្ថលេខាលើ អនុស្សារណៈយោគយល់គ្នា (MoU) ជាមួយបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) ស្តីពីការផ្តល់កម្មវិធីហាត់ការដល់និស្សិត CADT។ បន្ថែមពីលើនេះ ធនាគារបាន ធ្វើការប្រគល់ទឹកប្រាក់ចំនួន ៥,០០០ដុល្លារ ផងដែរ ដើម្បីប្រើប្រាស់ក្នុងការផ្គត់ផ្គង់សម្ភារ សិក្សារបស់និស្សិត ក៏ដូចជាបំពេញតម្រូវការខ្វះខាតមួយចំនួនរបស់សាលា។

កិច្ចសហការ រវាងធនាគារ PPCBank និង CADT ក៏នឹងរួមបញ្ចូលនូវការរៀបចំព្រឹត្តិការណ៍នានារបស់ សាលា ការតាំងពិព័រណ៍ការងារ និងវគ្គចែករំលែកចំណេះដឹងផ្សេងៗ។

ពិធីចុះអនុស្សារណៈនៃការយោគយល់គ្នានេះ ត្រូវបានធ្វើឡើងស្របតាមកម្មវិធីទំនួលខុស ត្រូវសង្គមរបស់ PPCBank តាមរយៈការបង្កើតឱកាសឲ្យបានច្រើនតាមដែលអាចធ្វើទៅ បានសម្រាប់យុវជនវ័យក្មេងនៅកម្ពុជា។ កិច្ចសហការនេះ ក៏នឹងផ្តល់លទ្ធភាពដល់និស្សិត CADT ទទួលបានការអភិវឌ្ឍន៍ជំនាញ ព្រមទាំងឱកាសការងារនៅធនាគារ PPCBank។

នាយកជាន់ខ្ពស់នៃធនាគារ PPCBank លោក Lee Jinkyu​ បានសម្តែងនូវក្តីសោមនស្ស រីករាយចំពោះពិធីចុះហត្ថលេខានេះ ដោយបានលើកឡើងថា “PPCBank មានប្រព័ន្ធ ធនាគារស្នូល និងសេវាធនាគារចល័តដ៏ទំនើបរបស់ខ្លួន ដែលត្រូវបានបង្កើតឡើង និង ដំណើរការដោយខ្លួនឯងផ្ទាល់។ អ្នកជំនាញផ្នែកព័ត៌មានវិទ្យា និងឌីជីថលនៃធនាគាររបស់ យើង អាចផ្តល់ឱកាសជាច្រើនដល់និស្សិត ដែលនឹងចុះមកហាត់ការនៅធនាគារ PPCBank ។”

ឯកឧត្តម ហ៊ាន សំបឿន អនុប្រធាន CADT បានបង្ហាញក្តីសង្ឃឹមថា អនុស្សារណៈនេះ អាចផ្តល់ជាគំរូមួយអំពីរបៀបនៃការសហការគ្នាកាន់តែជិតស្និទ្ធរវាងស្ថាប័នអប់រំ និងវិស័យ ឯកជន សំដៅផ្តល់ប្រយោជន៍ដល់យុវជនកម្ពុជា។

លោកមានប្រសាសន៍ថា “CADT ពិតជាមានក្តីសោមនស្សរីករាយ ក្នុងការចាប់ដៃគូជាមួយ ធនាគារ PPCBank ដើម្បីចែករំលែកនូវគោលដៅរួមទាក់ទងនឹងការអប់រំ និងការអភិវឌ្ឍន៍ ធនធានមនុស្ស។ ពិធីចុះអនុស្សារណៈនៅពេលនេះ នឹងស្តែងឲ្យឃើញពីកិច្ចសហការរួម របស់និយោជក និងស្ថាប័ននានា ក្នុងការបង្កើនសមត្ថភាព និងសក្តានុពលការងាររបស់ និស្សិត”។

តាមរយៈអនុស្សារណៈយោគយល់នៃ “កិច្ចព្រមព្រៀងផ្តល់កម្មវិធីហាត់ការ” នេះ និស្សិត ហាត់ការនឹងទទួលបានទាំងប្រាក់កម្រៃ ក៏ដូចជាចំណេះដឹង និងបទពិសោធន៍ជាក់ស្តែងពី កន្លែងការងារ។ នៅពេលបញ្ចប់ការហាត់ការ និស្សិតដែលមានសមត្ថភាពគ្រប់គ្រាន់ នឹង ត្រូវបានលើកទឹកចិត្តឲ្យចូលបម្រើការងារពេញម៉ោងនៅធនាគារ PPCBank។

ក្នុងនាមក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល ទទួលបន្ទុកអភិវឌ្ឍវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថល ឯកឧត្តម បណ្ឌិត ខូវ មករា មានសេចក្តីសោមនស្សរីករាយ និងគាំទ្រយ៉ាងខ្លាំងចំពោះពិធីចុះអនុស្សារណៈ យោគយល់នេះ ព្រមទាំងលើកទឹកចិត្តយុវជន និងយុវនារីខ្មែរ ឲ្យពិចារណាចាប់យកការ សិក្សាជំនាញព័ត៌មានវិទ្យា បច្ចេកវិទ្យាឌីជីថល និងជំនាញពាក់ព័ន្ធដទៃទៀត ដើម្បីអាច ពង្រឹងសមត្ថភាពរបស់ខ្លួន ក្នុងគោលដៅស្វែងរកការងារបានល្អ និងបានចំណូលខ្ពស់។

ការយកចិត្តទុកដាក់ជាសំខាន់ចំពោះនិស្សិតព័ត៌មានវិទ្យា និងឌីជីថល នាពេលនេះ គឺស្រប ពេលដែលធនាគារ PPCBank ទើបតែដាក់ឲ្យដំណើរការនូវសេវាធនាគារចល័តជំនាន់ 2.5។ ការប្រើប្រាស់សេវាធនាគារចល័តនានា កម្មវិធី smartBiz និង PPCBank Mobile App បានបង្ហាញឲ្យឃើញពីភាពរីកចម្រើនខ្លាំងនៅក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ ក្នុងគោល បំណង ដើម្បីធ្វើឲ្យការប្រើប្រាស់សេវាធនាគារកាន់តែមានភាពងាយស្រួលបន្ថែមទៀត។ ឌីជីថលភាវូបនីយកម្មនឹងនៅតែនាំមុខគេ ក្នុងការបន្តភាពរីកចម្រើន និងការអភិវឌ្ឍន៍របស់ ធនាគារ ដែលវាជាដំណឹងល្អមួយសម្រាប់និស្សិត CADT។

អំពីធនាគារ PPCBank

ដោយបានចុះបញ្ជីនៅក្នុងប្រទេសកម្ពុជាតាំងពីខែកញ្ញា ឆ្នាំ ២០០៨ ធនាគារ PPCBank គឺ ជាធនាគារពាណិជ្ជឈានមុខគេមួយនៅកម្ពុជា ដែលកំពុងបើកដំណើរការនៅ២៣សាខា ជាមួយនឹងទូ ATM ចំនួន៧០ទីតាំង នៅជុំវិញទីក្រុងភ្នំពេញ និងខេត្តសំខាន់ៗមួយចំនួន ដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជន ក្នុងការធ្វើប្រតិបត្តិការសេវាធនាគារគ្រប់ពេល វេលា និងប្រកបដោយសុវត្ថិភាពខ្ពស់។ គោលដៅចម្បងរបស់ធនាគារ PPCBank គឺការ ផ្តល់ជូនអតិថិជនដែលកំពុងមានចំនួន កើនឡើងនូវសេវាធនាគារដែលមានភាពងាយ ស្រួលប្រកបដោយភាពច្នៃប្រឌិត និងសម្បូរបែប រាប់ចាប់ពីការដាក់ប្រាក់ ការផ្តល់កម្ចី ការផ្តល់ជូនប័ណ្ណឥណទាន និងប័ណ្ណឥណពន្ធ រហូតដល់កម្មវិធីឌីជីថលទំនើបលើទូរស័ព្ទចល័ត សេវាសម្រាប់ក្រុមហ៊ុនតាមអ៊ីនធឹណិត “smartBiz” និងសេវា “Mobile Teller” សម្រាប់ការប្រឹក្សាយោបល់នៅតាមសាខា និងពី ចម្ងាយ។ ធនាគារ PPCBank គឺជាសមាជិកនៃប្រព័ន្ធទូទាត់បាគង និងប្រព័ន្ធ KHQR។