Skip to main content

សាលាបឋមសិក្សាចំបក់ខាងជើង ទទួលបានអគារបន្ទប់ទឹកស្អាតមួយខ្នង ក្រោមការឧបត្ថម្ភពីធនាគារ PPCBank

កាលបរិច្ឆេទ: September 28, 2026

លោកស្រី សុខ វណ្ណសិកា មានប្រសាសន៍ថា៖ «គម្រោងនេះបង្ហាញពីលទ្ធផលដែលអាចសម្រេចបាន នៅពេលដែលអង្គការនានាធ្វើការរួមគ្នា និងមានការប្តេជ្ញាចិត្តរួមគ្នា ក្នុងការកែលម្អជីវភាពរស់នៅរបស់កុមារ»។


ពិធីប្រគល់-ទទួលអគារបន្ទប់ទឹកស្អាត ត្រូវបានរៀបចំធ្វើឡើង នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ស៊ុំ សន្និសិទ្ធ ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា (NBC)។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោក Lee Jin Young នាយកប្រតិបត្តិធនាគារ PPCBank លោក Lee Jinkyu នាយកប្រតិបត្តិរងធនាគារ PPCBank និងលោកស្រី សុខ វណ្ណសិកា នាយិកាប្រតិបត្តិអង្គការរក្សាកុមារ ព្រមទាំងមន្ត្រីអប់រំ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងតំណាងស្ថាប័នទាំងពីរជាច្រើនរូបទៀតផងដែរ។

គម្រោងនេះ បានផ្តល់ជូនសាលារៀននូវអគារបន្ទប់ទឹកស្អាត ដែលមាន៣បន្ទប់សម្រាប់សិស្សស្រី ៣បន្ទប់សម្រាប់សិស្សប្រុស និង១បន្ទប់សម្រាប់សិស្សមានពិការភាព ព្រមទាំងមានលក្ខណៈពិសេសបន្ថែមផ្សេងទៀត ដើម្បីគាំទ្រដល់ស្តង់ដារអនាម័យឱ្យបានត្រឹមត្រូវ។ ការកែលម្អទាំងនេះ បានជួយឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់សិស្សានុសិស្សជាង២៥០នាក់ ព្រមទាំងលោកគ្រូ អ្នកគ្រូ និងបុគ្គលិកនៃសាលាបឋមសិក្សាចំបក់ខាងជើងផងដែរ។

សម្រាប់ធនាគារ PPCBank គំនិតផ្តួចផ្តើមនេះ គឺជាផ្នែកមួយនៃការប្តេជ្ញាចិត្តយ៉ាងទូលំទូលាយ ចំពោះវិស័យអប់រំ និងតួនាទីរបស់វិស័យនេះ ក្នុងការរួមចំណែកដល់ការអភិវឌ្ឍរយៈពេលវែងរបស់ប្រទេសកម្ពុជា។

លោក Lee Jin Young មានប្រសាសន៍ថា៖ «ធនាគារ PPCBank មានការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការរួមចំណែកដល់ការរីកចម្រើននៃវិស័យអប់រំ ស្របតាមគោលការណ៍គ្រឹះរបស់យើងគឺ «កសាងអនាគតកម្ពុជាតាមរយៈការអប់រំ»។

លោកបានបន្ថែមថា៖ «យើងជឿជាក់យ៉ាងមុតមាំថា ការអប់រំ គឺជាកត្តាជំរុញដ៏សំខាន់មួយនៃការអភិវឌ្ឍប្រកបដោយចីរភាព។ តាមរយៈការលើកកម្ពស់លទ្ធភាពទទួលបានការអប់រំប្រកបដោយគុណភាព យើងអាចជំរុញការផ្លាស់ប្តូរជាវិជ្ជមាននៅគ្រប់វិស័យក្នុងប្រទេសកម្ពុជា»។

ការចូលរួមរបស់ធនាគារក្នុងគម្រោងនេះ ឆ្លុះបញ្ចាំងពីទស្សនៈមួយដែលថា គុណភាពនៃបរិយាកាសសិក្សារបស់កុមារ មិនកំណត់ត្រឹមតែថ្នាក់រៀន និងសម្ភារសម្រាប់ការបង្រៀនប៉ុណ្ណោះទេ។ ការទទួលបានបន្ទប់ទឹកស្អាត មានសុវត្ថិភាព និងគិតគូរបានគ្រប់ជ្រុងជ្រោយ ទាំងពន្លឺ ខ្យល់ អនាម័យ និងភាពងាយស្រួល គឺជាផ្នែកមួយក្នុងការលើកស្ទួយការការពារសុខភាព សេចក្តីថ្លៃថ្នូរ និងសមត្ថភាពរបស់សិស្ស ក្នុងការផ្តោតអារម្មណ៍លើការសិក្សារបស់ពួកគេ។

លោក Lee Jin Young បានគូសបញ្ជាក់ថា៖ «ការលើកកម្ពស់អនាម័យសិស្សឱ្យបានត្រឹមត្រូវ មានអត្ថន័យលើសពីការផ្តល់ជូននូវហេដ្ឋារចនាសម្ព័ន្ធ។ វាគឺជាការវិនិយោគលើផ្នែកសុខភាព សុវត្ថិភាព សេចក្តីថ្លៃថ្នូរ និងអនាគតរបស់កុមារ ជាពិសេសនៅក្នុងសហគមន៍ ដែលការទទួលបានបង្គន់អនាម័យសមរម្យ នៅមានកម្រិត»។

លោកបានបន្តទៀតថា៖ «យើងមានសេចក្តីរីករាយដែលបានធ្វើការជាមួយអង្គការរក្សាកុមារ និងភាគីពាក់ព័ន្ធផ្សេងទៀត ដើម្បីជួយកែលម្អបរិយាកាសសិក្សាសម្រាប់សិស្សានុសិស្សនៃសាលាបឋមសិក្សាចំបក់ខាងជើង។ យើងសង្ឃឹមថា សមិទ្ធផលនេះនឹងបម្រើផលប្រយោជន៍ដល់សាលារៀន នៅក្នុងសហគមន៍បានច្រើនឆ្នាំទៅមុខទៀត និងចូលរួមចំណែកដល់សុខុមាលភាពរបស់កុមារ ដែលប្រើប្រាស់ជារៀងរាល់ថ្ងៃ»។

កិច្ចសហប្រតិបត្តិការនេះ ស្តែងឱ្យឃើញពីជំនឿចិត្តរបស់ធនាគារ PPCBank ថា កុមារគ្រប់រូបគប្បីទទួលបានឱកាសរៀនសូត្រ និងការរីកចម្រើនដោយគ្មានឧបសគ្គទាក់ទងនឹងសុខភាព ឬអនាម័យជាមូលដ្ឋាន។ តាមរយៈការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធសាលារៀន ធនាគារមានគោលបំណងចូលរួមបង្កើតបរិយាកាសមួយ ដែលសិស្សអាចផ្តោតលើការសិក្សា និងអភិវឌ្ឍសក្តានុពលរបស់ខ្លួនឱ្យបានពេញលេញ។

សម្រាប់អង្គការរក្សាកុមារ គម្រោងនេះក៏បានបង្ហាញឱ្យឃើញពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការ ក្នុងការដោះស្រាយតម្រូវការជាក់ស្តែងនៅក្នុងសហគមន៍ផងដែរ។

លោកស្រី សុខ វណ្ណសិកា មានប្រសាសន៍ថា៖ «គម្រោងនេះបង្ហាញពីលទ្ធផលដែលអាចសម្រេចបាន នៅពេលដែលអង្គការនានាធ្វើការរួមគ្នា និងមានការប្តេជ្ញាចិត្តរួមគ្នា ក្នុងការកែលម្អជីវភាពរស់នៅរបស់កុមារ»។

លោកស្រីបានបន្ថែមថា៖ «ការទទួលបានបន្ទប់ទឹកដែលមានអនាម័យគ្រប់គ្រាន់ និងប្រកបដោយសុវត្ថិភាព ពិតជាមានសារៈសំខាន់ណាស់សម្រាប់សុខភាព សេចក្តីថ្លៃថ្នូរ និងការអភិវឌ្ឍរបស់កុមារ។យើងសូមថ្លែងអំណរគុណដល់ធនាគារ PPCBank និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានរួមចំណែកធ្វើឱ្យគម្រោងនេះលេចចេញជារូបរាងឡើង»។

គណៈគ្រប់គ្រងសាលា ក៏បានសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះធនាគារ PPCBank អង្គការរក្សាកុមារ និងភាគីពាក់ព័ន្ធផ្សេងទៀត ដែលបានចូលរួមនៅក្នុងគម្រោងនេះ ដោយបានលើកឡើងថាអគារបន្ទប់ទឹកស្អាតនេះ នឹងផ្តល់ជូនសិស្សានុសិស្សនូវបរិយាកាសសិក្សាល្អប្រសើរ និងកាន់តែមានផាសុកភាព។

សម្រាប់សិស្សានុសិស្ស អត្ថប្រយោជន៍នៃគម្រោងនេះត្រូវបានធ្វើឡើងស្របទៅតាមស្ថានភាព និងតម្រូវការជាក់ស្តែង ដោយពួកគេទទួលបាននូវបន្ទប់ទឹកស្អាតប្រើប្រាស់ក្នុងអំឡុងពេលសិក្សា។ ទោះជាយ៉ាងណាក៏ដោយ សម្រាប់អង្គភាពដែលនៅពីក្រោយគម្រោងនេះ គំនិតផ្តួចផ្តើមនេះតំណាងឱ្យការវិនិយោគកាន់តែទូលំទូលាយលើលក្ខខណ្ឌចាំបាច់នានា ដើម្បីជួយឱ្យកុមារអាចចូលរួមយ៉ាងពេញលេញក្នុងការអប់រំ។

តាមរយៈការគាំទ្រគម្រោងនានា ដែលឆ្លើយតបនឹងតម្រូវការជាក់ស្តែងនៅក្នុងសាលារៀន និងសហគមន៍ ធនាគារ PPCBank បន្តបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះការអប់រំ និងរួមចំណែកដល់ការលើកកម្ពស់សុខភាព និងសុខុមាលភាពរបស់សហគមន៍ដែលធនាគារប្រតិបត្តិការ៕