Skip to main content

ទទួលបានកម្ចីទិញផ្ទះនៅបុរី PR Property រហូតដល់៩០% ពីធនាគារ PPCBank


ភ្នំពេញ៖ ធនាគារ PPCBank នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ នេះបានប្រារព្ធពិធីចុះហត្ថលេខាលើ អនុស្សារណៈយោគយល់គ្នាស្តីពីកិច្ចព្រមព្រៀងភាពជាដៃគូ ក្នុងការផ្តល់ឥណទានគេហដ្ឋានជាពិសេស ជាមួយនឹងក្រុមហ៊ុន PR Property (Cambodia) Co,.Ltd ។
អនុស្សារណៈនៃការយោគយល់គ្នានេះ ត្រូវបានចុះហត្ថលេខារវាងលោក ញ៉ក់ គឹមស្រូយ នាយកប្រតិបត្តិ រងជាន់ខ្ពស់របស់ធនាគារ PPCBank និងលោក ទេស ភារុន អគ្គនាយកក្រុមហ៊ុន PR Property (Cambodia) Co,.Ltd ។

យោងតាមកិច្ចព្រមព្រៀង ធនាគារ PPCBank នឹងផ្តល់ប្រាក់កម្ចីសម្រាប់ទិញផ្ទះរហូតដល់ ៩០% នៃតម្លៃ ផ្ទះ និងរយៈពេលកម្ចីរហូតដល់ ២០ឆ្នាំ សម្រាប់អតិថិជនដែលមកទិញលំនៅដ្ឋាននៅគម្រោងបុរី PR Property ។ លើសពីនេះទៅទៀត អតិថិជននឹងទទួលបានលក្ខខណ្ឌប្រាក់កម្ចីពិសេសមិនធ្លាប់មាន ដោយទទួលបានការអនុម័តប្រាក់កម្ចីចាប់ពីសំណង់ផ្តើមបុកគ្រឹះដំបូង ព្រមទាំងផ្តល់នូវការអនុម័តប្រាក់ កម្ចីកាន់តែងាយស្រួល និងរហ័សជាងមុន បន្ថែមពីលើលក្ខខណ្ឌអនុគ្រោះជាច្រើនផ្សេងទៀតផង។

លោក ញ៉ក់ គឹមស្រូយ នាយកប្រតិបត្តិរងជាន់ខ្ពស់នៃធនាគារ PPCBank ថ្លែងថា៖ “ការទិញលំនៅដ្ឋានគឺ ជាការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុដ៏ធំបំផុតរបស់មនុស្សគ្រប់រូប។ តាមរយៈកិច្ចសហការនេះ ធនាគារ PPCBank និងគម្រោងបុរី PR Property បានតាំងចិត្តយ៉ាងមុតមាំក្នុងការផ្តល់ប្រឹក្សាប្រាក់កម្ចី និងសាងសង់សំណង់ដ៏មានគុណភាព ដើម្បីឲ្យអតិថិជនទទួលបានគេហដ្ឋានក្នុងក្តីស្រមៃរបស់ពួកគេ។”លោកថ្លែងទៀតថា “អតិថិជនរបស់បុរី PR Property ទាំងអស់ នឹងទទួលបានការស្នើសុំប្រាក់កម្ចីសម្រាប់ទិញផ្ទះកាន់តែងាយស្រួល និងលឿនជាងមុនតាមរយៈការប្រើប្រាស់សេវា FAST ACCOUNT ដែល អតិថិជនគ្រាន់តែតម្លើងកម្មវិធី PPCBank Mobile បន្ទាប់មកទៀតពួកគាត់អាចបើកគណនីរបស់ធនាគារ PPCBank បានដោយខ្លួនឯង និងអាចធ្វើការផ្ទេរប្រាក់មកក្រុមហ៊ុន PR Property បានកាន់តែរហ័សដោយ មិនអស់កម្រៃសេវាតាមរយៈកម្មវិធី KHQR ផងដែរ”។

លោក ទេស ភារុន អគ្គនាយកក្រុមហ៊ុន PR Property (Cambodia) Co,.Ltd ថ្លែងថា៖ “កិច្ចសហប្រតិបត្តិការ ជាមួយធនាគារ PPCBank ជាកិច្ចសហការមួយដ៏រឹងមាំ និងយូរអង្វែង ដោយហេតុថាធនាគារ PPCBank ជា ធនាគារដំបូងបង្អស់មួយនៅប្រទេសកម្ពុជា ដែលបានផ្តល់លក្ខខណ្ឌវិនិយោគពិសេសសម្រាប់អ្នកអភិវឌ្ឍន៍ផ្នែកអចលនទ្រព្បនៅប្រទេសកម្ពុជា និងផ្តល់កម្ចីដល់គ្រប់ស្រទាប់អតិថិជនទាំងអស់។ ជាមួយ គ្នានេះដែរ តាមរយៈការចុះអនុស្សារណៈយោគយល់ថ្មីនេះ អតិថិជនរបស់បុរី PR Property ទាំងអស់ដែល មកជាវគម្រោងថ្មីៗនឹងទទួលបាននូវលក្ខខណ្ឌអនុម័តប្រាក់កម្ចីដ៏ពិសេស គឺទទួលបានកម្ចីចាប់តាំងពីសំណង់ចាប់ផ្តើមបុកគ្រឹះលើកដំបូង ជាមួយទំហំប្រាក់កម្ចី ៩០% និងរយៈពេលសង ២០ឆ្នាំ ព្រមទាំង ទទួលបានការបញ្ចុះតម្លៃពិសេសពីគម្រោងបុរី PR Property ផងដែរ”។

សម្រាប់ព័ត៌មានបន្ថែមសូមអញ្ជើញមកកាន់ការិយាល័យលក់របស់បុរី PR Property ដើម្បីសាកសួរ ព័ត៌មានលម្អិត ឬទាក់ទងលេខទូរស័ព្ទ៖ 086 758 889 / 061 758 889 / 060 758 889 ៕