Skip to main content

ធនាគារ PPCBank ចុះ MoU គាំទ្រអនាម័យសាលារៀននៅតាមជនបទ និងលើកកម្ពស់សុខុមាលភាពសិស្សានុសិស្ស ដើម្បីកសាងអនាគតកម្ពុជា

កាលបរិច្ឆេទ: May 12, 2026

ធនាគារ PPCBank បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួន ចំពោះការអភិវឌ្ឍសហគមន៍ និងវិស័យអប់រំ តាមរយៈការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយអង្គការរក្សាកុមារ (Raksa Koma Organization) ដើម្បីគាំទ្រដល់ការសាងសង់បន្ទប់ទឹកអនាម័យ នៅសាលាបឋមសិក្សាចំបក់ខាងជើង ក្នុងខេត្តកំពង់ធំ។


គំនិតផ្តួចផ្តើមនេះ គឺជាផ្នែកមួយនៃការបន្តកិច្ចខិតខំប្រឹងប្រែងក្នុងគម្រោងទំនួលខុសត្រូវសង្គម (CSR) របស់ធនាគារ ដោយមានគោលបំណងកែលម្អលក្ខខណ្ឌសិក្សារៀនសូត្រសម្រាប់កុមារនៅសហគមន៍តំបន់ជនបទ។ ពិធីចុះហត្ថលេខានេះផងដែរ ត្រូវបានចូលរួមដោយ លោក Lee Jin Young នាយកប្រតិបត្តិធនាគារ PPCBank និងលោកស្រី សុខ វណ្ណសិកា ប្រធានអង្គការរក្សាកុមារ ដែលបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការលើកកម្ពស់សុខុមាលភាពរបស់មនុស្សជំនាន់ក្រោយនៅកម្ពុជា។

ក្រោមកិច្ចព្រមព្រៀងនេះ បន្ទប់ទឹកអនាម័យថ្មីនឹងត្រូវសាងសង់ឡើង ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់សិស្សានុសិស្ស រួមជាមួយលក្ខណៈពិសេសបន្ថែមផ្សេងទៀត ដើម្បីគាំទ្រដល់ស្តង់ដារអនាម័យឱ្យបានត្រឹមត្រូវ។

ក្រៅពីការដោះស្រាយលើបញ្ហាកង្វះខាតផ្នែកហេដ្ឋារចនាសម្ព័ន្ធ គំនិតផ្តួចផ្តើមនេះក៏មានគោលបំណងលើកកម្ពស់ការអនុវត្តអនាម័យឱ្យកាន់តែប្រសើរ គាំទ្រដល់សុខុមាលភាពសិស្ស និងបង្កើតបរិយាកាសសិក្សា ដែលមានសុវត្ថិភាព និងមានសេចក្តីថ្លៃថ្នូរ។ ការទទួលបានបង្គន់អនាម័យត្រឹមត្រូវនៅតែជាបញ្ហាប្រឈមដ៏ចម្បង នៅតាមសាលារៀនជនបទជាច្រើន ដែលជារឿយៗជះឥទ្ធិពលលើវត្តមានសិក្សា សុខភាព និងលទ្ធផលនៃការរៀនសូត្រជារួម។

ថ្លែងក្នុងពិធី លោក Lee Jin Young បានសង្កត់ធ្ងន់លើចក្ខុវិស័យដ៏ទូលំទូលាយនៅពីក្រោយគម្រោងនេះ ដោយលោកបានមានប្រសាសន៍ថា៖ «គោលបំណងស្នូលនៃការចុះ MoU នេះ មិនមែនត្រឹមតែជាការសាងសង់បន្ទប់ទឹកអនាម័យប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ធនាគារ PPCBank ក្នុងការចូលរួមចំណែកដល់ភាពរីកចម្រើននៃវិស័យអប់រំ ស្របតាមគោលការណ៍គ្រឹះរបស់យើងគឺ «កសាងអនាគតកម្ពុជាតាមរយៈការអប់រំ (Shaping Cambodia’s Future Through Education)»។

លោកបានលើកឡើងបន្ថែម៖ «យើងជឿជាក់យ៉ាងមុតមាំថា ការអប់រំ គឺជាកម្លាំងចលករដ៏សំខាន់សម្រាប់ការកសាង និងអភិវឌ្ឍប្រទេសជាតិប្រកបដោយចីរភាព។ តាមរយៈការកែលម្អលទ្ធភាពទទួលបានការអប់រំដែលមានគុណភាពកាន់តែប្រសើរ យើងអាចជំរុញឱ្យមានការផ្លាស់ប្តូរជាវិជ្ជមាននៅគ្រប់វិស័យទាំងអស់ក្នុងប្រទេសកម្ពុជា»។

ភាពជាដៃគូនេះ បានឆ្លុះបញ្ចាំងពីជំនឿចិត្តរបស់ធនាគារ PPCBank ថា កុមារគ្រប់រូបសមនឹងទទួលបានឱកាសរៀនសូត្រ និងការរីកចម្រើនដោយគ្មានឧបសគ្គ ទាក់ទងនឹងសុខភាព ឬអនាម័យជាមូលដ្ឋានឡើយ។ ដូច្នេះតាមរយៈការកែលម្អសម្ភារបរិក្ខារផ្សេងៗ នៅសាលារៀន ធនាគារមានគោលបំណងជួយបង្កើតបរិយាកាសមួយ ដែលសិស្សអាចផ្តោតលើការសិក្សារបស់ខ្លួន និងអាចបញ្ចេញសមត្ថភាពរបស់ពួកគេឱ្យបានពេញលេញ។

លោកស្រី សុខ វណ្ណសិកា ក៏បានស្វាគមន៍ចំពោះកិច្ចសហការនេះផងដែរ ដោយលោកស្រីបានគូសបញ្ជាក់ពីសារៈសំខាន់នៃកិច្ចព្រមព្រៀងនេះសម្រាប់សហគមន៍ជនបទ។

លោកស្រីបានមានប្រសាសន៍ថា៖ «ភាពជាដៃគូនេះ តំណាងឱ្យការវិនិយោគដ៏មានអត្ថន័យលើសុខភាព សេចក្តីថ្លៃថ្នូរ និងអនាគតរបស់កុមារយើង។ ការទទួលបានអនាម័យត្រឹមត្រូវ គឺពិតជាចាំបាច់ណាស់សម្រាប់បង្កើតបរិយាកាសសិក្សាដែលមានសុវត្ថិភាព ជាពិសេសសម្រាប់សិស្សានុសិស្សតូចៗនៅតាមតំបន់ជនបទ។ យើងមានមោទនភាពដែលបានធ្វើការរួមគ្នាជាមួយធនាគារ PPCBank ដើម្បីនាំមកនូវការកែលម្អយូរអង្វែង ដែលនឹងផ្តល់អត្ថប្រយោជន៍មិនត្រឹមតែដល់សិស្សានុសិស្សនៃសាលាបឋមសិក្សាចំបក់ខាងជើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដល់សហគមន៍ទាំងមូលសម្រាប់ឆ្នាំខាងមុខទៀតផងដែរ»។

ធនាគារ PPCBank ចាត់ទុកគម្រោងទំនួលខុសត្រូវសង្គម (CSR) លើសពីការទទួលខុសត្រូវទៅទៀត ពោលគឺវាជាឱកាសមួយ ក្នុងការបង្កើតផលវិជ្ជមានយូរអង្វែង។ តាមរយៈគម្រោងនេះ ធនាគារ មិនត្រឹមតែរួមចំណែកដល់ការកែលម្អហេដ្ឋារចនាសម្ព័ន្ធអនាម័យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីសារៈសំខាន់នៃកិច្ចសហការ ក្នុងការជំរុញការអភិវឌ្ឍប្រកបដោយចីរភាព នៅតាមតំបន់ដែលខ្វះខាតផងដែរ។

គំនិតផ្តួចផ្តើមនេះ ក៏ស្របទៅនឹងកិច្ចខិតខំប្រឹងប្រែងកាន់តែខ្លាំងក្លា ក្នុងការលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធអប់រំនៅទូទាំងប្រទេសកម្ពុជា ដើម្បីធានាថា កុមារគ្រប់រូប ទោះបីស្ថិតនៅកន្លែងណាក៏ដោយ អាចទទួលបានបរិយាកាសសិក្សាដែលមានសុវត្ថិភាព និងការគាំទ្រពេញលេញ។

ចំពោះទិសដៅទៅថ្ងៃអនាគត ធនាគារ PPCBank នៅតែប្តេជ្ញាចិត្ត ក្នុងការគាំទ្រគំនិតផ្តួចផ្តើមដែលលើក កម្ពស់ដល់កុមារកម្ពុជាឱ្យកាន់តែរីកចម្រើនលូតលាស់ ដើម្បីរួមចំណែកដល់អនាគតរបស់ប្រទេសជាតិ។ តាមរយៈភាពជាដៃគូនេះ ធនាគារបន្តនាំមកនូវការផ្លាស់ប្តូរដ៏មានអត្ថន័យដល់សហគមន៍ ដែលត្រូវការជំនួយ និងពង្រឹងបេសកកម្មរបស់ខ្លួន ក្នុងការជួយកសាងអនាគតដ៏ភ្លឺស្វាង តាមរយៈការអប់រំ៕