ភ្នំពេញ៖ ធនាគារ PPCBank និងក្រុមហ៊ុនជាតិធានារ៉ាប់រងកម្ពុជា (កាមិនកូ) បានចុះហត្ថលេខាជាផ្លូវការ នូវភាពជាដៃគូអាជីវកម្ម ដើម្បីជំរុញការផ្សព្វផ្សាយ និងចែកចាយផលិតផលធានារ៉ាប់រងទូទៅ ឲ្យបានទូលំទូលាយដល់អតិថិជន តាមរយៈបណ្តាញធនាគារ។
ធនាគារ PPCBank ចាប់ដៃគូជាមួយក្រុមហ៊ុនកាមិនកូ ដើម្បីបង្កើនភាពងាយស្រួលដល់អតិថិជន ក្នុងការទទួលបានសេវាធានារ៉ាប់រង
ក្រោមភាពជាដៃគូថ្មីនេះ អតិថិជនរបស់ធនាគារ PPCBank នឹងកាន់តែមានភាពងាយស្រួល ក្នុងការប្រើប្រាស់សេវាធានារ៉ាប់រងទូទៅ រួមមាន ការធានារ៉ាប់រងទៅលើមធ្យោបាយធ្វើដំណើរ និងអចលនទ្រព្យ ពីក្រុមហ៊ុនកាមិនកូ ដែលជាក្រុមហ៊ុនធានារ៉ាប់រងគួរជាទីទុកចិត្ត និងត្រូវបាន ទទួលស្គាល់ថាជាក្រុមហ៊ុនមួយដ៏មានកិត្យានុភាព នៅក្នុងវិស័យធានារ៉ាប់រង។
ពិធីចុះហត្ថលេខាដែលបានធ្វើឡើងនៅថ្ងៃទី25 ខែកក្កដា ឆ្នាំ2025 បានបង្ហាញពីជំហានដ៏សំខាន់ ឆ្ពោះទៅរកការលើកកម្ពស់លទ្ធភាពទទួលបានសេវាធានារ៉ាប់រង ដើម្បីផ្តល់ការការពារផ្នែកហិរញ្ញវត្ថុ ដល់បុគ្គល និងអាជីវកម្មនៅទូទាំងប្រទេសកម្ពុជា។ ស្ថាប័នទាំងពីរ បានសង្កត់ធ្ងន់លើគោលដៅរួម របស់ខ្លួន ក្នុងការបង្កើនការជ្រៀតចូលទីផ្សារនៃផលិតផលធានារ៉ាប់រង និងការផ្តល់សេវាអតិថិជន កាន់តែប្រសើរឡើង ដោយការប្រើប្រាស់បណ្តាញសាខាទូទាំងប្រទេសរបស់ធនាគារ PPCBank បូករួមជាមួយបទពិសោធន៍យូរឆ្នាំរបស់ក្រុមហ៊ុនកាមិនកូ នៅក្នុងវិស័យមួយនេះ។
លោក Lee Jin Young នាយកប្រតិបត្តិធនាគារ PPCBank បានមានប្រសាសន៍ថា៖ “ភាពជាដៃគូនេះ បានអនុញ្ញាតឲ្យធនាគារ PPCBank ក្នុងការពង្រីកការផ្តល់សេវារបស់ខ្លួន ដែលរួមបញ្ចូល សេវាធានារ៉ាប់រងទូទៅមួយចំនួន ទៅក្នុងប្រព័ន្ធអេកូហិរញ្ញវត្ថុរបស់ធនាគារ។ តាមរយៈការរួមបញ្ចូលគ្នា រវាងមូលដ្ឋានគ្រឹះសេវាធនាគារដ៏រឹងមាំរបស់យើង ជាមួយនឹងបទពិសោធន៍ជំនាញ របស់ក្រុមហ៊ុនធានារ៉ាប់រងកាមិនកូ យើងមានគោលបំណងផ្តល់ជូនអតិថិជននូវដំណោះស្រាយដ៏រលូន និងច្រកចេញចូលតែមួយ សម្រាប់តម្រូវការសេវាធនាគារ និងសេវាធានារ៉ាប់រងរបស់ពួកគាត់”។
លោកបានបន្តថា៖ “បន្ថែមពីលើផលិតផល និងសេវាកម្មដែលធនាគារផ្តល់ជូនរួចហើយនោះ អតិថិជនក៏អាចសាកសួរ និងទិញផលិតផលធានារ៉ាប់រងទូទៅ នៅពេលពួកគាត់មកកាន់ សាខាណាមួយរបស់ធនាគារ PPCBank”។
កិច្ចសហការរបស់ស្ថាប័នទាំងពីរ ថែមទាំងជួយសម្រួលដល់ដំណើរការបង់ប្រាក់បុព្វលាភធានារ៉ាប់រង ឲ្យកាន់តែងាយស្រួលផងដែរ ដោយអតិថិជនរបស់ក្រុមហ៊ុនកាមិនកូ អាចទូទាត់បុព្វលាភ របស់ខ្លួនបានយ៉ាងរលូន តាមរយៈកម្មវិធីទូរស័ព្ទរបស់ធនាគារ PPCBank ឬនៅគ្រប់សាខាទាំងអស់របស់ ធនាគារ PPCBank ទូទាំងប្រទេស។
លោក ផាត់ ប៊ុនណា អគ្គនាយករងក្រុមហ៊ុនជាតិធានារ៉ាប់រងកម្ពុជា (កាមិនកូ) បានសម្តែងការសាទរ ចំពោះភាពជាដៃគូថ្មីនេះ ដោយលោកបានមានប្រសាសន៍ថា៖ “កិច្ចសហការជាយុទ្ធសាស្រ្ត ជាមួយធនាគារ PPCBank បានអនុញ្ញាតឲ្យយើងមានឱកាសផ្សព្វផ្សាយពីសេវាធានារ៉ាប់រងទូទៅ ដល់សហគមន៍នានា តាមរយៈសាខារបស់ធនាគារ PPCBank នៅទូទាំងប្រទេសកម្ពុជា”។
លោកមានប្រសាសន៍បន្តថា៖ “ជាមួយនឹងសមត្ថភាព ចំណេះដឹង និងបទពិសោធន៍គ្រប់គ្រាន់របស់យើង ក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រងឈានមុខគេនៅកម្ពុជា យើងប្តេជ្ញាផ្តល់ជូនផលិតផល និងសេវាកម្ម ដែលមានគុណភាពខ្ពស់ដល់អ្នកប្រើប្រាស់ ដើម្បីជាការផ្តល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក ក៏ដូចជាពូនជ្រុំទំនាក់ទំនងដ៏រឹងមាំរវាងភាគីទាំងពីរ”។
សេវាធានារ៉ាប់រងទូទៅ ដែលបានបន្ថែមថ្មីទៅក្នុងជួរផលិតផលរបស់ធនាគារ PPCBank នឹងផ្តល់ឲ្យ អតិថិជននូវសន្តិភាពផ្លូវចិត្ត តាមរយៈការធានារ៉ាប់រងទៅលើគ្រោះថ្នាក់ និងទ្រព្យសម្បត្តិ ដោយដឹងថា ពួកគាត់នឹងត្រូវបានការពារគ្រប់ស្ថានភាពទាំងអស់ក្នុងជីវិត។ កិច្ចសហការជាដៃគូនេះ មានគោលបំណង ពង្រឹងសុវត្ថិភាពហិរញ្ញវត្ថុ សម្រាប់អតិថិជនលក្ខណៈបុគ្គល និងអាជីវកម្មនៅទូទាំងប្រទេសកម្ពុជា ដើម្បីគាំទ្រដល់សុខុមាលភាពយូរអង្វែងជូនពួកគាត់។
សម្រាប់ព័ត៌មានបន្ថែម សូមអញ្ជើញទៅកាន់សាខាធនាគារ PPCBank ដែលនៅជិតលោកអ្នកបំផុត ឬទាក់ទងមកកាន់ផ្នែកបម្រើសេវាអតិថិជនរបស់យើង តាមរយៈលេខ 096 3 909 909/ 023 909 909