Skip to main content

ធនាគារ PPCBank ប្រារព្ធខួប ១៨ឆ្នាំ នៃការរីកចម្រើនដ៏ត្រចះត្រចង់នៅកម្ពុជា

កាលបរិច្ឆេទ: September 1, 2026

ធនាគារ PPCBank ប្រារព្ធខួប ១៨ឆ្នាំនៃប្រតិបត្តិការអាជីវកម្មនៅកម្ពុជា ដោយរំលឹកឡើងវិញនូវការរីកចម្រើន នវានុវត្តន៍ និងការផ្តល់សេវាកម្មអស់រយៈពេលជិតពីរទសវត្សរ៍ ព្រមទាំងសម្លឹងឆ្ពោះទៅរកកាលានុវត្តភាពថ្មីៗ ដើម្បីបន្តចូលរួមគាំទ្រការអភិវឌ្ឍប្រទេសជាតិ។


ជាមួយប្រធានបទ “ធនាគារ PPCBank ឈរជាមួយកម្ពុជា រីកចម្រើនជាមួយកម្ពុជា”ធនាគារកំពុងរំលេចពីដំណើរវិវត្តរបស់ខ្លួន ស្របពេលជាមួយនឹងការរីកចម្រើននៃសេដ្ឋកិច្ចកម្ពុជា តាមរយៈការទទួលយកបច្ចេកវិទ្យាថ្មីៗ ការអភិវឌ្ឍធនធានមនុស្ស ការគាំទ្រអាជីវកម្មក្នុងស្រុក និងការចូលរួមចំណែកដល់សហគមន៍មូលដ្ឋាន។ ចាប់តាំងពីបើកដំណើរការក្នុងឆ្នាំ ២០០៨ ធនាគារ PPCBank បានពង្រីកប្រតិបត្តិការរបស់ខ្លួន ដើម្បីបម្រើដល់អតិថិជនបុគ្គល សហគ្រិន សហគ្រាសធុនតូច និងមធ្យម (SME) និងអតិថិជនសាជីវកម្ម។ ការរីកចម្រើនជាបន្តបន្ទាប់នេះ ត្រូវបានគាំទ្រដោយមូលដ្ឋានហិរញ្ញវត្ថុដ៏រឹងមាំ ស្ថិរភាព និងភាពគួរឱ្យទុកចិត្តនៃធនាគារមេរបស់ខ្លួន គឺធនាគារ Jeonbuk Bank។

លោក Lee Jin Young នាយកប្រតិបត្តិធនាគារ PPCBank មានប្រសាសន៍ថា៖“អស់រយៈពេល ១៨ឆ្នាំមកនេះ ធនាគារ PPCBank មានកិត្តិយស ដែលបានរីកចម្រើនជាមួយប្រទេសកម្ពុជា និងបានបម្រើអតិថិជនជាច្រើនជំនាន់ ដែលបានផ្តល់សេចក្តីទុកចិត្តមកលើធនាគាររបស់យើង”

លោកបានបន្ថែមថា៖ “នៅពេលដែលយើងសម្លឹងឆ្ពោះទៅអនាគត ការប្តេជ្ញាចិត្តរបស់យើង មិនមែនគ្រាន់តែដើម្បីរីកចម្រើនក្នុងនាមជាធនាគារប៉ុណ្ណោះទេ ប៉ុន្តែគឺដើម្បីរីកចម្រើនជាមួយប្រទេសកម្ពុជា តាមរយៈការធ្វើឱ្យសេវាហិរញ្ញវត្ថុ ទៅដល់មនុស្សកាន់តែច្រើន ការទទួលយកនវានុវត្តន៍ថ្មីៗ ការអភិវឌ្ឍសមត្ថភាពបុគ្គលិក និងការបង្កើតឱកាសកាន់តែទូលំទូលាយសម្រាប់អតិថិជន និងសហគមន៍។ យើងជឿជាក់ថា នៅពេលដែលប្រទេសកម្ពុជារីកចម្រើន ធនាគារ PPCBank ក៏រីកចម្រើនទន្ទឹមគ្នា និងចូលរួមចំណែកដល់ការរីកចម្រើននោះផងដែរ”

ទំនើបកម្មសេវាធនាគារឌីជីថលនៅកម្ពុជា

បច្ចេកវិទ្យាបានក្លាយជាផ្នែកមួយយ៉ាងសំខាន់នៃយុទ្ធសាស្រ្តរបស់ធនាគារ PPCBank ខណៈការរំពឹងទុករបស់អតិថិជន និងបរិបទហិរញ្ញវត្ថុនៅកម្ពុជាបន្តវិវត្តទៅមុខ។ កម្មវិធី Mobile Banking របស់ធនាគារ PPCBank ត្រូវបានរចនាឡើង ដើម្បីធ្វើឱ្យការប្រើប្រាស់សេវាធនាគារប្រចាំថ្ងៃ កាន់តែងាយស្រួល ដោយមានទាំងភាសាខ្មែរ អង់គ្លេស កូរ៉េ ជប៉ុន និងចិន។

អតិថិជនអាចប្រើប្រាស់សេវាធនាគារឌីជីថលជាច្រើនតាមរយៈកម្មវិធីនេះ រួមមានការទូទាត់តាម KHQR ការទូទាត់ឆ្លងដែន កម្មវិធីផ្តល់រង្វាន់លើកទឹកចិត្ត និងការផ្ទេរប្រាក់ក្នុងស្រុក និងអន្តរជាតិ។ ធនាគារ PPCBank ត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយផងដែរចំពោះគំនិតផ្តួចផ្តើមផ្នែកឌីជីថល និងការទូទាត់ប្រាក់ ដោយក្នុងនោះធនាគារទទួលបានពានរង្វាន់ជាប្រតិបត្តិករបរធនបាលឆ្នើម សម្រាប់ប្រតិបត្តិការបរធនបាលកិច្ចសេវារក្សាសុវត្ថិភាព ឬសេវារក្សាទុកសម្រាប់ទូទាត់ថ្លៃសេវាកម្ម ប្រចាំឆ្នាំ២០២៥ និងពានរង្វាន់ឆ្នើម Leadership in Spend per Active Card for Visa Debit in Affluent Segment។

ការផ្តល់ជូនសេវាឌីជីថលរបស់ធនាគារ PPCBank គ្របដណ្តប់លើផលិតផលជាច្រើនដូចជា Visa Debit, Visa Credit, Prestige Plus និង Virtual Card ព្រមទាំង KHQR និងដំណោះស្រាយទូទាត់ឌីជីថលសម្រាប់អាជីវករ។

សរុបមក សេវាកម្មទាំងនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងកាន់តែខ្លាំងក្លារបស់ធនាគារ PPCBank ក្នុងការគាំទ្រដល់ការផ្លាស់ប្តូររបស់កម្ពុជាឆ្ពោះទៅរកប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុដែលភ្ជាប់ទំនាក់ទំនងគ្នា និងប្រកបដោយសមត្ថភាពឌីជីថល។

ប្រតិបត្តិការធនាគារប្រចាំថ្ងៃកាន់តែមានអត្ថប្រយោជន៍

សម្រាប់ធនាគារ PPCBank តួនាទីរបស់ខ្លួនលើសពីការផ្តល់សេវាហិរញ្ញវត្ថុបែបប្រពៃណី។ កម្មវិធីផ្តល់រង្វាន់លើកទឹកចិត្តរបស់ធនាគារត្រូវបានបង្កើតឡើង ដើម្បីផ្តល់នូវគុណតម្លៃបន្ថែម ដល់សកម្មភាពធនាគារប្រចាំថ្ងៃរបស់អតិថិជន។ អតិថិជនអាចទទួលបានពិន្ទុ រាល់ពេលធ្វើប្រតិបត្តិការសេវាធនាគារ ដើម្បីប្តូរយករង្វាន់អនុស្សាវរីយ៍ជាច្រើន ដែលនេះគឺជាការភ្ជាប់សកម្មភាពធនាគារប្រចាំថ្ងៃទៅនឹងបទពិសោធន៍ឌីជីថល និងអត្ថប្រយោជន៍យ៉ាងច្រើនសន្ធឹកសន្ធាប់។

តាមរយៈសកម្មភាពនេះ ធនាគារ PPCBank នឹងបន្តស្វែងរកវិធីសាស្រ្តនានា ដើម្បីធ្វើឱ្យបទពិសោធន៍ប្រើប្រាស់របស់អតិថិជន កាន់តែទទួលបានផលប្រយោជន៍ និងមានភាពងាយស្រួល ព្រមទាំងពង្រឹងទំនាក់ទំនងរបស់អតិថិជនជាមួយធនាគារ តាមរយៈការប្រើប្រាស់សេវាកម្មកាន់តែទូលំទូលាយ។

ការវិនិយោគលើធនធានមនុស្ស និងការរួមចំណែកជួយសហគមន៍

ធនាគារ PPCBank ចាត់ទុកបុគ្គលិកជាស្នូលនៃកំណើនប្រកបដោយចីរភាព ដោយបន្តវិនិយោគលើការសិក្សា ការអភិវឌ្ឍវិជ្ជាជីវៈ កិច្ចសហការ និងនវានុវត្តន៍។ មជ្ឈមណ្ឌលបណ្តុះបណ្តាលរបស់ធនាគារ បានផ្តល់ឱកាសដល់បុគ្គលិកក្នុងការពង្រឹងចំណេះដឹង និងជំនាញរបស់ពួកគេ ព្រមទាំងលើកទឹកចិត្តឱ្យមានការរៀនសូត្រ និងការស្រាវជ្រាវជាបន្តបន្ទាប់។ ធនាគារមានជំនឿថា នៅពេលបុគ្គលិករបស់ខ្លួនរីកចម្រើន ស្ថាប័នក៏រីកចម្រើនដូចគ្នា ដែលវាគឺជាការរួមចំណែកមួយដល់ការបង្កើតធនធានមនុស្ស ដែលមានជំនាញកាន់តែខ្ពស់នៅកម្ពុជាផងដែរ។

ទន្ទឹមនឹងប្រតិបត្តិការអាជីវកម្មរបស់ខ្លួន ធនាគារ PPCBank ក៏បានបន្តយកចិត្តទុកដាក់លើការរួមចំណែកដល់សង្គម តាមរយៈការគាំទ្រគំនិតផ្តួចផ្តើមនានា ពាក់ព័ន្ធនឹងការអប់រំ ការអភិវឌ្ឍសហគមន៍ កុមារ និងសុខុមាលភាពសង្គម។ សកម្មភាពទាំងនេះ ជាផ្នែកមួយនៃការប្តេជ្ញាចិត្តកាន់តែទូលំទូលាយរបស់ធនាគារ PPCBank ក្នុងការបង្កើតផលវិជ្ជមាន និងមាននិរន្តរភាពនៅក្នុងសហគមន៍ដែលធនាគារធ្វើប្រតិបត្តិការ។

ទស្សនវិស័យសម្រាប់ដំណាក់កាលបន្ទាប់

បន្ទាប់ពីប្រតិបត្តិការអស់រយៈពេល ១៨ឆ្នាំនៅកម្ពុជា ធនាគារ PPCBank កំពុងឈានចូលដំណាក់កាលថ្មីរបស់ខ្លួន ដោយផ្តោតលើការបន្តនវានុវត្តន៍ ការពង្រឹងទំនាក់ទំនងជាមួយអតិថិជន និងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ។ ចក្ខុវិស័យច្បាស់លាស់ដែលធនាគារបានលើកឡើងនោះគឺ ការផ្តល់សេវាកម្មឱ្យបានកាន់តែទូលំទូលាយ ដោយប្រាកដថាពលរដ្ឋកម្ពុជាគ្រប់រូប អាចទទួលបានសេវាហិរញ្ញវត្ថុ ក៏ដូចជាបន្តពង្រឹងកិច្ចសហការដែលបង្កើតឱកាសទាំងនៅក្នុង និងក្រៅប្រទេសកម្ពុជា។

សម្រាប់ធនាគារ PPCBank ខួបអនុស្សាវរីយ៍នេះ មិនត្រឹមតែជាឱកាសសម្រាប់អបអរសាទរសមិទ្ធផលកន្លងមកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបញ្ជាក់ជាថ្មីនូវទិសដៅ និងចក្ខុវិស័យសម្រាប់អនាគតរបស់ខ្លួនផងដែរ។

ជាមួយនឹងសារខួបអនុស្សាវរីយ៍ “ធនាគារ PPCBank ឈរជាមួយកម្ពុជា រីកចម្រើនជាមួយកម្ពុជា” ធនាគារកំពុងរៀបចំយុទ្ធសាស្រ្តសម្រាប់ជំហានបន្ទាប់ទៀត ដោយប្រកាន់ខ្ជាប់នូវគោលការណ៍ដ៏សាមញ្ញមួយ គឺភាពជោគជ័យរបស់ធនាគារ អាស្រ័យដោយសារភាពជោគជ័យរបស់អតិថិជន អាជីវកម្ម និងសហគមន៍ទាំងមូល។

ក្រោយឈរជើងជិតពីរទសវត្សរ៍នៅក្នុងព្រះរាជាណាចក្រកម្ពុជា ធនាគារ PPCBank បានបញ្ជាក់ពីគោលបំណងរបស់ខ្លួន ក្នុងការបន្តដំណើររួមជាមួយកម្ពុជា ដើម្បីកសាងអនាគតហិរញ្ញវត្ថុប្រកបដោយភាពរឹងមាំ បរិយាបន្ន និងមានការតភ្ជាប់កាន់តែទូលំទូលាយបន្ថែមទៀត៕