ភ្នំពេញ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥៖ PPCBank ដែលជាធនាគារពាណិជ្ជឈានមុខគេមួយ នៅកម្ពុជា បានចាប់ដៃសហការជាមួយក្រុមហ៊ុន Kosign និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ណុងហឹប ហ្វាយនែន (ខេមបូឌា) ម.ក ដើម្បីនាំមកនូវដំណោះស្រាយនៃការទូទាត់ប្រាក់កាន់តែរហ័ស ឆ្លាតវៃ និងងាយស្រួលជាងមុនសម្រាប់អតិថិជន។ ភាពជាដៃគូថ្មីនេះផងដែរ នឹងរួមបញ្ចូល KHQR របស់ធនាគារ PPCBank ជាមួយកម្មវិធី WeBill365 របស់ក្រុមហ៊ុន Kosign ក្នុងការជួយឲ្យការធ្វើប្រតិបត្តិការរបស់អតិថិជនណុងហឹប ហ្វាយនែន កាន់តែមានភាពសាមញ្ញ និងប្រសិទ្ធភាពថែមទៀត។
PPCBank ក្រុមហ៊ុន Kosign និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ NongHyup ចុះ MoU ដើម្បីផ្តល់ភាពងាយស្រួលដល់ការទូទាត់របស់អតិថិជន
អនុស្សារណៈនៃការយោគយល់គ្នានេះ ត្រូវបានចុះហត្ថលេខាដោយលោក Lee Jin Young នាយកប្រតិបត្តិធនាគារ PPCBank លោក Jung Joo Yong នាយកប្រតិបត្តិគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ណុងហឹប ហ្វាយនែន និងលោក Seol Wook Hwan នាយកប្រតិបត្តិក្រុមហ៊ុន Kosign ក្រោមសក្ខីភាពរបស់តំណាងនៃស្ថាប័នទាំងបី។
តាមរយៈកិច្ចសហប្រតិបត្តិការខាងលើ អតិថិជនរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ណុងហឹប ហ្វាយនែន អាចរីករាយជាមួយនឹងជម្រើសទូទាត់បែបឌីជីថលដ៏សម្បូរបែបរបស់កម្មវិធី WeBill365 ព្រមទាំងទទួលបានសារជូនដំណឹងភ្លាមៗ នៅពេលដែលការទូទាត់សងប្រាក់កម្ចី និងប្រតិបត្តិការផ្សេងៗទៀតត្រូវបានបញ្ចប់។ នេះ គឺជាចំណុចដ៏សំខាន់មួយ ក្នុងការជួយឲ្យអតិថិជនជាលក្ខណៈអាជីវកម្ម និងបុគ្គល អាចសន្សំសំចៃពេលវេលា និងផ្តល់ភាពងាយស្រួលខ្លាំង ដោយមិនចាំបាច់ចំណាយពេលមកកាន់សាខាដោយផ្ទាល់។
លោក Lee Jin Young នាយកប្រតិបត្តិធនាគារ PPCBank បានលើកឡើងពីសារៈសំខាន់ នៃភាពជាដៃគូនេះ ដោយលោកមានប្រសាសន៍ថា៖ “កិច្ចសហការនេះ នឹងជួយកាត់បន្ថយចំណាយ និងចំណេញពេលវេលាធ្វើដំណើររបស់អតិថិជន មកកាន់សាខា ហើយថែមទាំងផ្តល់នូវមធ្យោបាយងាយស្រួល និងសុវត្ថិភាព ក្នុងការគ្រប់គ្រង ប្រតិបត្តិការហិរញ្ញវត្ថុផងដែរ។ សំខាន់ជាងនេះទៅទៀត វាបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត របស់យើង ក្នុងការលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ និងការគាំទ្រដល់កំណើនសេដ្ឋកិច្ចឌីជីថល នៅកម្ពុជា។”
ជាមួយគ្នានេះ លោក Jung Joo Yong នាយកប្រតិបត្តិគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ណុងហឹប ហ្វាយនែន បានមានប្រសាសន៍ថា៖ “យើងពិតជាមានសេចក្តីសោមនស្សរីករាយក្រៃលែង ចំពោះភាពជាដៃគូជាមួយធនាគារ PPCBank និងក្រុមហ៊ុន Kosign ក្នុងការផ្តល់នូវបទពិសោធន៍ទូទាត់ថ្មី និងប្លែកពីគេ។ តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នា យើងនឹងបង្កើនលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុ ឲ្យបានទូលំទូលាយជាងនេះទៀត សម្រាប់ទាំងបុគ្គល និងអាជីវកម្មនៅទូទាំងប្រទេសកម្ពុជា។”
អនុស្សារណៈថ្មីនេះ នឹងបន្តពង្រឹងភាពជាដៃគូយូរអង្វែងរវាងធនាគារ PPCBank និង Kosign ក៏ដូចជាបង្ហាញនូវព្រឹត្តិការណ៍សំខាន់មួយទៀត នៅក្នុងបេសកកម្មរបស់ស្ថាប័នទាំងពីរ ក្នុងការធ្វើឲ្យសេវាធនាគារកាន់តែមានភាពងាយស្រួល ប្រកបដោយបរិយាប័ន្ន និងការផ្លាស់ប្តូរបែបឌីជីថល សម្រាប់ប្រទេសកម្ពុជានាពេលអនាគត៕









