ធនាគារ PPCBank មានក្តីសោមនស្សរីករាយប្រកាសបើកសម្ពោធសាខាថ្មីរបស់ខ្លួន នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស Zhejiang ក្នុងខេត្តកោះកុង។ ព្រឹត្តិការណ៍ដ៏សំខាន់នេះ គឺជាការពង្រឹងការប្តេជ្ញាចិត្តរយៈពេលវែងរបស់ធនាគារ PPCBank ក្នុងការផ្តល់នូវសេវាកម្មហិរញ្ញវត្ថុទំនើប ងាយស្រួល និងប្រកបដោយនវានុវត្តន៍ ជូនដល់សហគមន៍ និងអាជីវកម្មនានានៅទូទាំងប្រទេសកម្ពុជា។ សាខាថ្មីនេះត្រូវបានបើកដំណើរការជាផ្លូវការកាលពីពេលថ្មីៗកន្លងទៅ ជាមួយនឹងការប្រារព្ធពិធីសម្ពោធយ៉ាងអធិកអធម។
PPCBank ពន្លឿនកំណើនសេដ្ឋកិច្ច ជាមួយការបើកសាខាថ្មីក្នុងតំបន់សេដ្ឋកិច្ចពិសេស Zhejiang នៃខេត្តកោះកុង
ព្រឹត្តិការណ៍ដ៏ពិសេសនេះ ទទួលបានការអញ្ជើញចូលរួមពីលោក Lee Jin Young នាយកប្រតិបត្តិធនាគារ PPCBank រួមជាមួយនឹងឥស្សរជនក្នុងស្រុក មន្ត្រីមូលដ្ឋាន ព្រមទាំងសមាជិក និងគណៈគ្រប់គ្រងធនាគារជាច្រើនរូបទៀត។ បរិយាកាសនេះ គឺជាការអបអរប្រកបដោយសុទិដ្ឋិនិយម ខណៈដែលធនាគារបានបើកដំណើរការសាខាចុងក្រោយរបស់ខ្លួន នៅក្នុងតំបន់ឧស្សាហកម្មយុទ្ធសាស្ត្រល្អបំផុតមួយរបស់កម្ពុជា។
ដោយមានទីតាំងស្ថិតនៅអគារលេខ១ បន្ទប់លេខ១០៩-១១២ ផ្លូវបេតុង ភូមិអូជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល សាខានេះស្ថិតនៅចំកណ្តាលតំបន់សេដ្ឋកិច្ចពិសេស Zhejiang ជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏សំខាន់ ដែលបច្ចុប្បន្នកំពុងទាក់ទាញការវិនិយោគយ៉ាងច្រើន ទាំងក្នុងស្រុក និងអន្តរជាតិ។ ជាមួយនឹងការពង្រីកសាខានេះ ធនាគារ PPCBank កំពុងពង្រឹងសេវាកម្មរបស់ខ្លូនឱ្យកាន់តែប្រសើរ ដើម្បីបំពេញតម្រូវការរបស់ប្រជាពលរដ្ឋខ្មែរ ដែលមានតម្រូវការហិរញ្ញវត្ថុ ក៏ដូចជាការកើនឡើងនៃចំនួនអាជីវកម្ម និងឧស្សាហកម្មដែលកំពុងប្រតិបត្តិការនៅក្នុងតំបន់។
ថ្លែងនៅក្នុងពិធីនេះ លោក Lee Jin Young បានសម្តែងនូវក្តីសាទរចំពោះការពង្រីកសាខារបស់ធនាគារ PPCBank ទៅកាន់ខេត្តកោះកុងនេះ។
លោកមានប្រសាសន៍ថា៖ «ការបើកសាខារបស់យើងក្នុងខេត្តកោះកុង មិនត្រឹមតែបង្ហាញពីភាពរីកចម្រើនរបស់ធនាគារប៉ុណ្ណោះទេ ប៉ុន្តែក៏ជាជំនឿចិត្តយ៉ាងមុតមាំរបស់យើងចំពោះសក្តានុពលរបស់ខេត្តនេះផងដែរ។ ឧស្សាហកម្ម និងសេដ្ឋកិច្ចនៅខេត្តកោះកុងកំពុងមានសម្ទុះយ៉ាងឆាប់រហ័ស ហើយយើងមានមោទនភាពដែលបានមកទីនេះ ដើម្បីគាំទ្រដល់ដំណើរនោះ។ ធនាគារ PPCBank មិនត្រឹមតែជាស្ថាប័នហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែយើងគឺជាដៃគូដែលមានការប្តេជ្ញាចិត្តខ្ពស់ចំពោះការអភិវឌ្ឍជួយដល់ប្រជាពលរដ្ឋ សហគ្រិន និងក្រុមហ៊ុន ឱ្យសម្រេចបាននូវគោលដៅរបស់ខ្លួន ជាមួយនឹងដំណោះស្រាយហិរញ្ញវត្ថុគួរឱ្យជឿទុកចិត្ត មានប្រសិទ្ធភាព និងប្រកបដោយនវានុវត្តន៍»។
លោកមានប្រសាសន៍បន្ថែមថា៖ «សម្រាប់យើង ធនាគារគឺសម្រាប់ប្រជាជន។ មិនថាលោកអ្នកជាអតិថិជនបុគ្គល ដែលបើកគណនីសន្សំដំបូង ឬជាម្ចាស់អាជីវកម្មដែលត្រូវការហិរញ្ញវត្ថុ ឬសាជីវកម្មធំៗដែលកំពុងស្វែងរកជំនួយ ផ្នែកពាណិជ្ជកម្មនោះទេ ធនាគារ PPCBank គឺនៅទីនេះដើម្បីបំពេញតម្រូវការរបស់លោកអ្នកជានិច្ច។ ក្រុមការងាររបស់យើងបានត្រៀមខ្លួនរួចជាស្រេច ក្នុងការផ្តល់សេវាកម្ម និងការប្រឹក្សាយោបល់ជូនលោកអ្នក ហើយក្នុងនោះកម្មវិធីឌីជីថលរបស់យើងធានាថា មិនថាលោកអ្នកនៅទីណានោះទេ ការប្រើប្រាស់សេវាកម្មធនាគាររបស់យើងគឺមានភាពងាយស្រួល និងមានសុវត្ថិភាព។ និយាយរួម យើងតែងតែផ្តោតការយកចិត្តទុកដាក់ខ្លាំងបំផុតទៅលើអតិថិជន»។
សាខាថ្មីនេះ នឹងផ្តល់ជូនសេវាកម្មធនាគារយ៉ាងពេញលេញ ក្នុងនោះរួមមានទាំងគណនីផ្ទាល់ខ្លួន និងអាជីវកម្ម ប្រាក់កម្ចី ហិរញ្ញប្បទានពាណិជ្ជកម្ម ប្រឹក្សាការវិនិយោគ និងសេវាធនាគារឌីជីថល។ ជាមួយក្រុមការងារ ដែលទទួលបានការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈស្តង់ដារ បុគ្គលិកក្នុងសាខាទាំងមូលបានប្តេជ្ញាចិត្តក្នុងការផ្តល់សេវាកម្មធនាគារជូនដល់អតិថិជនប្រកបដោយគុណភាពខ្ពស់ ស្របតាមតម្រូវការរបស់អតិថិជនគ្រប់រូប។ នេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដ៏ធំរបស់ធនាគារ PPCBank ដើម្បីធានាថា ធនាគារមិនត្រឹមតែផ្តល់ជូនសេវាកម្មហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែក៏ផ្តល់លទ្ធភាពដល់ប្រជាជននៅគ្រប់តំបន់ក្នុងព្រះរាជាណាចក្រកម្ពុជា ឱ្យទទួលបានសេវាបានយ៉ាងងាយស្រួលផងដែរ។
ធនាគារ PPCBank ចាត់ទុកវត្តមានរបស់ខ្លួនក្នុងខេត្តកោះកុងថា លើសពីការពង្រីកសាខារបស់ខ្លួនទៅទៀត ដោយសារតែការបើកសាខាថ្មីនេះ គឺជាការវិនិយោគប្រកបដោយអត្ថន័យសម្រាប់អនាគតនៅក្នុងតំបន់។ ធនាគារជឿជាក់ថា តាមរយៈការបើកសាខាក្នុងតំបន់សេដ្ឋកិច្ចពិសេស Zhejiang នេះ គឺអាចជួយជំរុញកំណើនសេដ្ឋកិច្ច លើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងជួយដល់សហគមន៍ឱ្យរីកចម្រើនបាន។ អាជីវកម្មក្នុងស្រុកនឹងទទួលបានអត្ថប្រយោជន៍ពីសេវាកម្មហិរញ្ញវត្ថុ កាន់តែឆាប់រហ័ស និងគួរឱ្យទុកចិត្តជាងមុន ខណៈបុគ្គល និងក្រុមគ្រួសារ នឹងទទួលបានភាពងាយស្រួលបន្ថែមទៀត ក្នុងការប្រើប្រាស់ឧបករណ៍ ដែលគាំទ្រដល់សុខុមាលភាពហិរញ្ញវត្ថុរយៈពេលវែងរបស់ពួកគេ។
ការបើកដំណើរការសាខានេះ គឺជាទំព័រថ្មីមួយទៀតនៅក្នុងដំណើរនៃការរីកចម្រើន និងការផ្តល់សេវាកម្មរយៈពេល ១៧ ឆ្នាំដ៏គួរឱ្យកត់សម្គាល់របស់ធនាគារ PPCBank។
ចាប់តាំងពីឆ្នាំដំបូង ធនាគារបានរីកចម្រើនក្លាយជាស្ថាប័នហិរញ្ញវត្ថុដ៏លេចធ្លោមួយនៅកម្ពុជា ដែលត្រូវបាន ទទួលស្គាល់សម្រាប់នវានុវត្តន៍ អភិបាលកិច្ចរឹងមាំ និងការយកចិត្តទុកដាក់ខ្ពស់ចំពោះការផ្តល់សេវាកម្មល្អបំផុតជូនអតិថិជន។ ការបើកសាខាក្នុងខេត្តកោះកុងនេះ ឆ្លុះបញ្ចាំងពីការបន្តវិនិយោគរបស់ធនាគារ PPCBank សម្រាប់ការពង្រីកសាខា រួមជាមួយនឹងការផ្តល់សេវាកម្មធនាគារឌីជីថលជាបន្តបន្ទាប់របស់ខ្លួន ដោយវិធីសាស្រ្តពីរយ៉ាងនេះ ដើម្បីធានាដល់អតិថិជនទាំងអស់ ដោយមិនគិតពីទីតាំង ឬរបៀបរស់នៅ គឺពួកគាត់អាចទទួលបានសេវាកម្មធនាគារយ៉ាងរលូន។
សាខាថ្មីនេះនឹងដំណើរការពីថ្ងៃចន្ទ រហូតដល់ថ្ងៃសុក្រ ចាប់ពីម៉ោង ៨:៣០ ព្រឹក រហូតដល់ម៉ោង ៤ រសៀល ហើយថ្ងៃសៅរ៍ ចាប់ពីម៉ោង ៨:៣០ ព្រឹក រហូតដល់ម៉ោង ១២ ថ្ងៃត្រង់។ សម្រាប់ការសាកសួរព័ត៌មានបន្ថែមអំពីផលិតផល និងសេវាកម្មផ្សេងៗ អតិថិជនអាចអញ្ជើញមកកាន់ធនាគារនៅរៀងរាល់ម៉ោងធ្វើការ ឬអាចទាក់ទងសាខាដោយផ្ទាល់ តាមរយៈទូរស័ព្ទលេខ ០៩៦ ៣ ៩០៩ ៩០៩ ឬ ០២៣ ៩០៩ ៩០៩។
ធនាគារ PPCBank នៅតែប្តេជ្ញាដើរតួនាទីយ៉ាងសកម្មសម្រាប់អនាគតហិរញ្ញវត្ថុរបស់កម្ពុជា។ តាមរយៈបណ្តាញសាខាដែលកំពុងកើនឡើង នវានុវត្តន៍ឌីជីថល និងការសហការជាដៃគូជាមួយសហគមន៍ ធនាគារបន្តអភិវឌ្ឍប្រព័ន្ធអេកូហិរញ្ញវត្ថុប្រកបដោយបរិយាប័ន្ន និងកាន់តែងាយស្រួលសម្រាប់មនុស្សគ្រប់គ្នា ស្របតាមគោលការណ៍សាខាមួយ អតិថិជនមួយ និងសហគមន៍មួយ ក្នុងពេលតែមួយ៕









