Skip to main content

យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” របស់មូលនិធិគន្ធបុប្ផា ត្រូវបានបញ្ចប់ដោយជោគជ័យ

កាលបរិច្ឆេទ: July 3, 2026

ធនាគារ PPCBank មានមោទនភាពយ៉ាងក្រៃលែង ដែលបានបន្តដើរតួយ៉ាងសកម្ម ក្នុងការគាំទ្រមូលនិធិគន្ធបុប្ផា តាមរយៈយុទ្ធនាការប្រចាំឆ្នាំ “១ម៉ឺនរៀល ១ម៉ឺននាក់” ដើម្បីរួមចំណែកសង្រ្គោះអាយុជីវិតកុមារនៅកម្ពុជា។


យុទ្ធនាការនេះ បានបំផុសចលនាបរិច្ចាគពីសំណាក់ប្រជាពលរដ្ឋរាប់ម៉ឺននាក់នៅទូទាំងប្រទេស ដើម្បីរួមគ្នាការពារសុខភាពកុមារ និងលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យគន្ធបុប្ផា ដែលកំពុងខិតខំបំពេញបេសកកម្មរបស់ខ្លួន ក្នុងការសង្រ្គោះជីវិតកុមារតូចៗ ២៤ម៉ោងលើ២៤ម៉ោង។ ដើម្បីសម្របសម្រួលដល់បុព្វហេតុដ៏ថ្លៃថ្លានេះ ធនាគារ PPCBank បានផ្តល់នូវមធ្យោបាយងាយស្រួល និងសុវត្ថិភាពខ្ពស់ ក្នុងការរៃអង្គាសថវិកា តាមរយៈ PPCBankKHQR និងលេខគណនីធនាគារ។

ធនាគារ PPCBank សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះទឹកចិត្តសប្បុរសរបស់សាធារណជន អតិថិជន ព្រមទាំងថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់ ដែលបានបរិច្ចាគថវិកាផ្ទាល់ខ្លួនជូនដល់មូលនិធិគន្ធបុប្ផា។ ជាមួយស្មារតីរួមគ្នានេះ យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ដែលមានរយៈពេល៣០ថ្ងៃ ទទួលបានថវិកាសរុបចំនួន ១,៦៣៦.០៥ ដុល្លារអាមេរិក។

ថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់ជាន់ថ្នាក់របស់ធនាគារ PPCBank នៅតែបន្តប្តេជ្ញាចិត្តចូលរួមសកម្មភាពមនុស្សធម៌ជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីគាំពារកុមារ ដែលជាសសរទ្រូងសម្រាប់កសាងវឌ្ឍនភាព និងជាអនាគតនៃប្រទេសជាតិ៕