Skip to main content

ធនាគារ PPCBank ចូលរួមសម្រាលបន្ទុកពលរដ្ឋភៀសសឹក និងកងទ័ពជួរមុខ

កាលបរិច្ឆេទ: October 28, 2025

ក្នុងស្មារតីសាមគ្គីភាព មនុស្សធម៌ ព្រមទាំងរួបរួមគ្នាដើម្បីជួយសម្រាលបន្ទុកដល់បងប្អូនជនភៀសសឹក និងយោធិនដែលកំពុងឈរជើងនៅសមរភូមិមុខ នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ ធនាគារ PPCBank បានបរិច្ចាគថវិកាចំនួន ១,១០៦.៥៨ ដុល្លារ និង ៦២៦,៤០០ រៀល តាមរយៈរដ្ឋបាលស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។


ការបរិច្ចាគនេះ បានស្តែងឲ្យឃើញពីទំនួលខុសត្រូវសង្គម និងការយកចិត្តទុកដាក់យ៉ាងមុតមាំ របស់ធនាគារ PPCBank ក្នុងការរួមសុខទុក្ខជាមួយកងទ័ព និងប្រជាជនកម្ពុជា ក្នុងពេលវេលាដ៏លំបាកនេះ។

ក្រៅពីការបរិច្ចាគខាងលើ ធនាគារ PPCBank ក៏បានសម្រេចលុបចោលបំណុលទាំងស្រុងផងដែរ ជូនដល់អតិថិជន ឬអ្នករួមខ្ចី ជាយោធិនពលី ដែលបានបំពេញប្រតិបត្តិការក្នុងសមរភូមិប្រយុទ្ធ ការពារបូរណភាពទឹកដីកម្ពុជា។

សូមបញ្ជាក់ថា កាលពីខែមិថុនា ឆ្នាំ២០២៥ កន្លងទៅ ធនាគារ PPCBank បានធ្វើការ អំពាវនាវដល់អតិថិជន និងសាធារណជនទាំងអស់ ព្រមទាំងបុគ្គលិកគ្រប់ជាន់ថ្នាក់របស់ធនាគារ PPCBank ដោយផ្ទាល់ ក្នុងការចូលរួមបរិច្ចាគថវិកាដោយស្ម័គ្រចិត្ត ដើម្បីគាំទ្រដល់ប្រជាពលរដ្ឋ ដែលជម្លៀសពីលំនៅឋាន និងវីរៈកងទ័ពកម្ពុជា។

ឆ្លៀតនៅក្នុងឱកាសនេះ យើងខ្ញុំសូមបង្ហាញការដឹងគុណនូវវីរៈភាពដ៏អង់អាចក្លាហានរបស់ កងទ័ពកម្ពុជានៅក្នុងសមរភូមិ និងសូមបួងសួងដល់វត្ថុសក្តិសិទ្ធិក្នុងលោក សូមជួយតាមថែរក្សាការពារកងទ័ពកម្ពុជារបស់យើង និងប្រជាជនខ្មែរទាំងអស់ ឲ្យជួបតែសុខសុវត្ថិភាពជារៀងរហូត៕