Skip to main content

PPCBank ដឹកនាំក្រុមគ្រូពេទ្យពីប្រទេសកូរ៉េខាងត្បូង ចុះពិនិត្យ ព្យាបាលជំងឺ ជូនប្រជាពលរដ្ឋនៅទីជនបទ ដោយឥតគិតថ្លៃ


តាមរយៈកិច្ចសហការអន្តរជាតិ ដើម្បីលើកកម្ពស់សកម្មភាពមនុស្សធម៌ និងសុខុមាលភាព សហគមន៍ PPCBank ដែលជាធនាគារពាណិជ្ជឈានមុខគេមួយនៅកម្ពុជា បានជួយឲ្យប្រជាពលរដ្ឋ ខ្វះខាតចំនួន ៥៦៦ នាក់ ក្នុងខេត្តកំពត កំពង់ស្ពឺ និងកណ្ដាល ទទួលបានការពិនិត្យ ព្យាបាល និង ថ្នាំពេទ្យដោយឥតគិតថ្លៃ។ សកម្មភាពចុះពិនិត្យ និងព្យាបាលជំងឺរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពី ប្រទេសកូរ៉េខាងត្បូង និងរាជធានីភ្នំពេញ ធ្វើឡើងរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែតុលា ដល់ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមការជួយគាំទ្រពីធនាគារ PPCBank និង Jeonbuk Bank និងមានការ សម្របសម្រួលពីមន្ទីរសុខាភិបាលខេត្ត និងអាជ្ញាធរមូលដ្ឋាន។

ក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំង ១១នាក់ ដែលធ្វើដំណើរមកពីប្រទេសកូរ៉េខាងត្បូង ដើម្បីសហការ ជាមួយមន្ទីរពេទ្យ PMC-Atomy ក្នុងរាជធានីភ្នំពេញ សុទ្ធសឹងជាអ្នកឯកទេសផ្នែកជំងឺទូទៅ ចក្ខុ ទន្តសាស្រ្ត និងឱសថសាស្រ្ត ក្នុងការអាចផ្តល់សេវាពិនិត្យព្យាបាលជំងឺជាច្រើនមុខដល់ប្រជាពលរដ្ឋ ដែលមានបញ្ហាសុខភាព រួមទាំងកុមារតូចៗផងដែរ។ គោលបំណងចម្បងរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត គឺដើម្បីរួមចំណែកទប់ស្កាត់ភាពពិការភ្នែកនៅកម្ពុជា និងការយល់ដឹងអំពីសារៈសំខាន់នៃការថែទាំ សុខភាពមាត់ធ្មេញឲ្យបានល្អ ព្រមទាំងពិគ្រោះព្យាបាលជំងឺទូទៅជូនប្រជាពលដ្ឋពីវេជ្ជបណ្ឌិត ដែលសុទ្ធ តែមានជំនាញ និងបទពិសោធន៍រាប់ឆ្នាំ។

លោក LEE Jin Young នាយកប្រតិបត្តិនៃធនាគារ PPCBank បានគូសបញ្ជាក់អំពីបេសកកម្ម មនុស្សធម៌ក្នុងការចុះជួយពិ​និត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋ និងការរឹតចំណងមិត្តភាពបន្ថែមទៀតរវាង ប្រទេសកម្ពុជា និងប្រទេសកូរ៉េខាងត្បូង។

លោកបានមានប្រសាសន៍ថា៖ “ជាការពិតណាស់ អត្ថប្រយោជន៍ដ៏សំខាន់ដែលពលរដ្ឋទទួល បាន គឺការពិនិត្យសុខភាពប្រកបដោយគុណភាពពីក្រុមវេជ្ជបណ្ឌិតជំនាញៗ ប៉ុន្តែព្រឹត្តិការណ៍នេះ ក៏ជា ការឆ្លុះបញ្ចាំងអំពីចំណងមិត្តភាព សាមគ្គីភាព រវាងប្រទេសកូរ៉េ និងកម្ពុជាផងដែរ។”

លោកបន្តទៀតថា៖ “នៅធនាគារ PPCBank គុណតម្លៃស្នូលរបស់យើង គឺការរួមគ្នាជួយដល់ ប្រជាជនដែលត្រូវការជំនួយចាំបាច់។ ដើម្បីស​ម្រេចនូវគោលដៅខាងលើ ធនាគារ PPCBank នឹងបន្ត កិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងការជួយដល់សហគមន៍ដែលខ្វះខាត តាមរយៈការចូលរួមក្នុង សកម្មភាពសប្បុរសធម៌ ការឧបត្ថម្ភ និងការផ្តល់ជំនួយនៅក្នុងបុព្វហេតុសំខាន់នានា”។

ធនាគារ PPCBank ត្រូវបានទទួលស្គាល់ចំពោះការខិតខំប្រឹងប្រែងឥតឈប់ឈរ ក្នុងការជួយដល់ សហគមន៍ដែលជួបការលំបាក។ នៅក្នុងឆ្នាំនេះ PPCBank បានធ្វើសកម្មភាព និងយុទ្ធនាការទំនួលខុស ត្រូវសង្គមជាច្រើន ដូចជាការនាំយកសម្ភារៈសិក្សាមួយចំនួនទៅចែកជូនដល់កុមារកំព្រានៅមណ្ឌល មែកឈើ។ បន្ថែមពីនេះ ធនាគារ PPCBank ក៏បានសហការជាមួយមូលនិធិចក្ខុខ្មែរ (Khmer Sight Foundation) ក្រោមគម្រោង “គំហើញថ្មី ឆ្នាំ២០២៣” របស់ PPCBank ក្នុងការរៀបចំកម្មវិធីពិនិត្យ វាស់ភ្នែក និងចែកជូនវ៉ែនតាដោយឥតគិតថ្លៃដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងប្រជាពលរដ្ឋ នៅតាមតំបន់ជិតឆ្ងាយមួយចំនួនក្នុងប្រទេសកម្ពុជា៕