ធនាគារ PPCBank និងក្រុមហ៊ុន CheckinMe បានសហការគ្នាដាក់ឱ្យប្រើប្រាស់សេវាគ្រប់គ្រង និងបើកប្រាក់បៀវត្សរ៍ប្រចាំខែដោយស្វ័យប្រវត្តិ ក្នុងគោលបំណងជួយសហគ្រាសធុនតូច និងមធ្យម (SMEs) នៅកម្ពុជាកាត់បន្ថយបន្ទុកការងាររដ្ឋបាល សម្រួលការគណនាប្រាក់បៀវត្សរ៍ និងធ្វើឱ្យការទូទាត់ប្រាក់ជូនបុគ្គលិកកាន់តែមានប្រសិទ្ធភាព តាមរយៈបច្ចេកវិទ្យាឌីជីថល។
PPCBank និង CheckinMe សហការសម្រួលការបើកប្រាក់បៀវត្សរ៍សម្រាប់ សហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា
សេវាកម្មថ្មីនេះ បានតភ្ជាប់ប្រព័ន្ធគ្រប់គ្រងវត្តមាន និងបញ្ជីប្រាក់បៀវត្សរ៍របស់ CheckinMe ដោយផ្ទាល់ជាមួយសេវាធនាគារឌីជីថលរបស់ PPCBank ដែលអនុញ្ញាតឱ្យអាជីវកម្មនានា អាចគ្រប់គ្រងបញ្ជីប្រាក់បៀវត្សរ៍ និងការបើកប្រាក់ខែជូនបុគ្គលិកប្រកបដោយភាពរលូន និងសុវត្ថិភាព។
តាមរយៈប្រព័ន្ធ CheckinMe ក្រុមការងារផ្នែកធនធានមនុស្ស អាចរៀបចំ និងផ្ទៀងផ្ទាត់បញ្ជីប្រាក់បៀវត្សរ៍ រួចបញ្ជូនទៅកាន់ធនាគារ PPCBank ដោយផ្ទាល់ ដោយគ្រាន់តែចុចតែម្តងប៉ុណ្ណោះ។ បន្ទាប់មក ម្ចាស់អាជីវកម្ម ឬអ្នកដែលមានសិទ្ធិអនុម័តក្នុងក្រុមហ៊ុន អាចធ្វើការពិនិត្យ និងអនុម័តលើការទូទាត់ប្រាក់បៀវត្សរ៍ទាំងនោះបាន តាមរយៈកម្មវិធី PPCBank Mobile App ឬ smartBiz App។ ក្រោយពេលអនុម័តរួច ប្រាក់បៀវត្សរ៍នឹងត្រូវបានផ្ទេរជូនបុគ្គលិកភ្លាមៗតែម្តង ដូច្នេះវានឹងជួយលុបបំបាត់ការធ្វើការងារដដែលៗដោយដៃ កាត់បន្ថយកំហុសឆ្គង និងជួយសន្សំសំចៃពេលវេលាដ៏មានតម្លៃសម្រាប់អាជីវកម្ម។
ភាពជាដៃគូនេះផងដែរ មានគោលបំណងដោះស្រាយបញ្ហាប្រឈមផ្នែកប្រតិបត្តិការ ដែលសហគ្រាសធុនតូច និងមធ្យមជាច្រើននៅកម្ពុជាកំពុងជួបប្រទះ។ ជាក់ស្តែង ការគ្រប់គ្រងប្រាក់បៀវត្សរ៍ជារឿយៗតម្រូវឱ្យមានដំណាក់កាលជាច្រើន ដូចជាការកត់ត្រាវត្តមានបុគ្គលិកដោយដៃ ការគណនាប្រាក់បៀវត្សរ៍លើតារាង Excel និងការផ្ទេរប្រាក់តាមប្រព័ន្ធធនាគារដាច់ដោយឡែកពីគ្នា។
ដំណើរការទាំងនេះអាចចំណាយពេលវេលាបុគ្គលិកច្រើន បង្កើនបន្ទុកការងាររដ្ឋបាល និងបង្កហានិភ័យនៃការកើតមានកំហុស។ តាមរយៈការភ្ជាប់ការគ្រប់គ្រងវត្តមាន ការគណនាប្រាក់បៀវត្សរ៍ និងការផ្ទេរប្រាក់ជូនបុគ្គលិកទៅក្នុងប្រព័ន្ធតែមួយ ស្ថាប័នទាំងពីរមានគោលបំណងជួយឱ្យអាជីវកម្មគ្រប់គ្រងបុគ្គលិក និងប្រតិបត្តិការរបស់ខ្លួនកាន់តែងាយស្រួល និងមានប្រសិទ្ធភាព។
លោក Lee Jinkyu នាយកប្រតិបត្តិរងធនាគារ PPCBank បានឱ្យដឹងថាភាពជាដៃគូនេះ បានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ធនាគារចំពោះនវានុវត្តន៍ និងចក្ខុវិស័យក្នុងការធ្វើឱ្យសេវាធនាគារកាន់តែសាមញ្ញ កាន់តែឆ្លាតវៃ និងកាន់តែជិតស្និទ្ធទៅនឹងតម្រូវការប្រចាំថ្ងៃរបស់អាជីវកម្មនានា នៅក្នុងប្រទេសកម្ពុជា។
លោកបានមានប្រសាសន៍ថា៖ «នៅធនាគារ PPCBank យើងជឿជាក់ថា នវានុវត្តន៍មិនមែនសំដៅតែលើបច្ចេកវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការស្វែងរកមធ្យោបាយល្អប្រសើរជាងមុនក្នុងការបំពេញការងារ។ គោលដៅដ៏សាមញ្ញរបស់យើងនោះគឺ ការជួយឱ្យអាជីវកម្មចំណាយពេលតិចលើប្រតិបត្តិការធនាគារ និងមានពេលវេលាច្រើន ក្នុងការពង្រីកអាជីវកម្មរបស់ពួកគេ»។
លោកបានបន្តថា៖ «តាមរយៈថ្នាលបច្ចេកវិទ្យា Open Banking Platform យើងបានដាក់បញ្ចូលសេវាកម្មធនាគារដោយផ្ទាល់ទៅក្នុងប្រព័ន្ធដែលអាជីវកម្មកំពុងប្រើប្រាស់ស្រាប់។ ភាពជាដៃគូជាមួយ CheckinMe គឺជាគំរូដ៏ល្អមួយនៃចក្ខុវិស័យរបស់យើង ក្នុងការជួយសម្រួលដល់ម្ចាស់អាជីវកម្មក្នុងការរៀបចំបញ្ជីប្រាក់បៀវត្សរ៍ ការអនុម័តការទូទាត់ប្រាក់ និងការបើកប្រាក់បៀវត្សរ៍ជូនបុគ្គលិកបានភ្លាមៗ តាមរយៈកម្មវិធីធនាគារឌីជីថលរបស់ PPCBank»។
លោកបានបន្ថែមទៀតថា៖ «យើងជឿជាក់ថាអនាគតនៃវិស័យធនាគារ មិនមែនផ្តោតលើការតម្រូវឱ្យអតិថិជនប្រើប្រាស់បច្ចេកវិទ្យា ដើម្បីធ្វើកិច្ចការបានច្រើននោះទេ។ ផ្ទុយទៅវិញ វាគឺជាការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីជួយសម្រួលការងាររបស់ពួកគេឱ្យកាន់តែតិច ទទួលបានលទ្ធផលកាន់តែច្រើន និងដំណើរការទៅមុខកាន់តែលឿន។ យើងចង់ឱ្យធនាគារ PPCBank ក្លាយជាធនាគារមួយដែលលើសពីធនាគារទូទៅ ពោលគឺជាដៃគូឌីជីថលដ៏គួរឱ្យទុកចិត្ត ដែលជួយជំរុញឱ្យអាជីវកម្មនៅកម្ពុជារីកចម្រើនទៅមុខ»។
លោក ឡី កំថូង សហស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន CheckinMe បានមានប្រសាសន៍ថា ការធ្វើសមាហរណកម្មប្រព័ន្ធនេះ គឺជាជំហានដ៏សំខាន់មួយក្នុងការជួយឱ្យអាជីវកម្មនៅកម្ពុជា យកបច្ចេកវិទ្យាមកប្រើប្រាស់ ដើម្បីបង្កើនប្រសិទ្ធភាពការងារប្រចាំថ្ងៃ និងសម្រួលការគ្រប់គ្រងបុគ្គលិក។
លោកមានប្រសាសន៍ថា៖ «សម្រាប់សហគ្រាសធុនតូច និងមធ្យមជាច្រើន ការគ្រប់គ្រងវត្តមានបុគ្គលិក និងការបើកប្រាក់បៀវត្សរ៍អាចជាការងារដែលចំណាយពេលវេលាច្រើន។ កិច្ចសហការរបស់យើងជាមួយធនាគារ PPCBank នឹងអនុញ្ញាតឱ្យម្ចាស់អាជីវកម្មភ្ជាប់មុខងារសំខាន់ៗទាំងនេះ ជាមួយសេវាកម្មធនាគារ ដើម្បីកាត់បន្ថយការងាររដ្ឋបាល និងធ្វើឱ្យការគ្រប់គ្រងប្រាក់បៀវត្សរ៍កាន់តែសាមញ្ញ និងងាយស្រួល»។
នៅក្នុងពិធីនេះ ក៏មានការផ្តល់កិត្តិយសដល់អាជីវកម្មដែលបានយកដំណោះស្រាយឌីជីថលមកប្រើប្រាស់ដើម្បីលើកកម្ពស់ប្រសិទ្ធភាពប្រតិបត្តិការរបស់ខ្លួនផងដែរ។ ដោយក្នុងនោះអតិថិជនរបស់ CheckinMe ចំនួនជាង៥០រូប បានទទួលវិញ្ញាបនបត្រសរសើរ ចំពោះឧត្តមភាពនៃការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថលឆ្នាំ ២០២៦។
ការផ្តល់កិត្តិយសនេះ បានបង្ហាញពីតួនាទីកាន់តែសំខាន់របស់បច្ចេកវិទ្យាក្នុងការជួយឱ្យអាជីវកម្មនៅកម្ពុជាធ្វើទំនើបកម្មការងាររដ្ឋបាល និងបង្កើនប្រសិទ្ធភាពប្រតិបត្តិការរបស់ខ្លួន។
ដើម្បីជំរុញការប្រើប្រាស់សេវាកម្មនេះឱ្យកាន់តែទូលំទូលាយ អតិថិជនដែលជាម្ចាស់ជីវកម្ម ឬក្រុមហ៊ុន ក៏នឹងទទួលបានអត្ថប្រយោជន៍ពិសេសសម្រាប់ការចាប់ផ្តើមដំបូង រួមមានការប្រើប្រាស់សេវាកម្ម CheckinMeដោយឥតគិតថ្លៃរយៈពេល១២ខែ និងការលើកលែងថ្លៃដំឡើងប្រព័ន្ធ ដោយអនុលោមតាមលក្ខខណ្ឌដែលបានកំណត់។
ស្ថាប័នទាំងពីរបានបញ្ជាក់ថា នឹងបន្តស្វែងរកឱកាសពង្រីកដំណោះស្រាយឌីជីថល និងផ្តល់អត្ថប្រយោជន៍កាន់តែច្រើនដល់អាជីវកម្មនៅកម្ពុជា ជាពិសេសសហគ្រាសធុនតូច និងមធ្យម ដែលកំពុងស្វែងរកមធ្យោបាយកាន់តែងាយស្រួល និងមានប្រសិទ្ធភាព ក្នុងការគ្រប់គ្រងប្រតិបត្តិការអាជីវកម្ម។
កិច្ចសហការជាដៃគូនេះ ក៏បង្ហាញពីនិន្នាការកើនឡើងនៃការប្រើប្រាស់សេវាកម្មអាជីវកម្មឌីជីថលដែលភ្ជាប់ប្រព័ន្ធជាមួយគ្នា ដោយរួមបញ្ចូលការគ្រប់គ្រងវត្តមាន ការគ្រប់គ្រងប្រាក់បៀវត្សរ៍ និងសេវាធនាគារក្នុងប្រព័ន្ធតែមួយ។ វិធីសាស្ត្រនេះអាចជួយកាត់បន្ថយការងារដដែលៗ ព្រមទាំងផ្តល់នូវបទពិសោធន៍កាន់តែល្អប្រសើរសម្រាប់ទាំងនិយោជក និងបុគ្គលិក៕





