Skip to main content

ពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន ១២១គ្រួសារ នៅខេត្តកំពង់ធំ ទទួលបានអំណោយពីធនាគារ PPCBank


ខេត្តកំពង់ធំ ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២៖ ធនាគារ PPCBank បាននាំយកអំណោយមនុស្សធម៌ចែកជូន ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន ១២១គ្រួសារ ក្នុងខេត្តកំពង់ធំ។ អំណោយមនុស្សធម៌ដែល ផ្តល់ជូនពលរដ្ឋរងគ្រោះនាពេលនេះ គឺបានមកពីការចូលរួមបរិច្ចាគរបស់អតិថិជន បុគ្គលិក និង សាធារណជនទូទៅ ក្រោមកម្មវិធីរៃអង្គាសរយៈពេល១០ថ្ងៃរបស់ធនាគារ PPCBank ដែលបានប្រកាស កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២។

ជើងបញ្ឈរ KHQR សម្រាប់ស្កេនទទួលទឹកប្រាក់បរិច្ចាគពីសប្បុរសជន ត្រូវបានដាក់នៅតាមបញ្ជរបេឡា របស់ធនាគារ PPCBank ទូទាំងប្រទេសកម្ពុជា និងមានការផ្សព្វផ្សាយផងដែរនៅតាមបណ្តាញសង្គម នានារបស់ធនាគារ ដើម្បីកៀរគរការបរិច្ចាគតាមរយៈគណនីជាប្រាក់រៀល និងប្រាក់ដុល្លារ ឬតាមរយៈ PPCBank KHQR។

ថវិកាដែលទទួលបានពីការចូលរួមបរិច្ចាគរបស់សប្បុរសជន ២០៧រូប មានចំនួនសរុប ១,០៨១.០២ ដុល្លារ និង១,៤១៧,២៨៨ រៀល ហើយក្នុងនោះធនាគារក៏បានបរិច្ចាគបន្ថែមពីលើ ដោយប្រមូលបានទឹក ប្រាក់សរុបប្រមាណ ៥,៥៨៧.៧ ដុល្លារ និង១,៤១៧,២៨៨ រៀល។ ជំនួយបរិច្ចាគទាំងនោះបានយកទៅ ទិញជាគ្រឿងឧបភោគ បរិភោគ ដូចជា អង្ករ មី ត្រីខ ទឹក ស៊ីអ៊ីវ និងទឹកបរិសុទ្ធ​ ដើម្បីចែកជូន ពលរដ្ឋរងគ្រោះចំនួន១២១គ្រួសារ នៅក្នុងភូមិស្លែង ភូមិពាមក្រែង ភូមិអូរសំបួរ ភូមិក្តីដូង ឃុំក្តីដូង ស្រុក កំពង់ស្វាយ ខេត្តកំពង់ធំ កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២។​

ធនាគារ PPCBank បានថ្លែងអំណរគុណដល់ម្ចាស់ជំនួយទាំងអស់ដែលបានចូលរួមគាំទ្រកម្មវិធីរៃអង្គាស ប្រាក់របស់ខ្លួន ដែលនេះជាផ្នែកដ៏សំខាន់មួយនៃគំនិតផ្តួចផ្តើមទំនួលខុសត្រូវសង្គមរបស់ធនាគារ PPCBank សម្រាប់ឆ្នាំ២០២២។​ លោក Baek Jongil នាយកប្រតិបត្តិនៃធនាគារ PPCBank បានមានប្រសាសន៍៖ “យើងសង្ឃឹមថាជំនួយ សង្រ្គោះនេះ នឹងជួយសម្រាលទុក្ខលំបាករបស់បងប្អូនពលរដ្ឋរងគ្រោះបានខ្លះ។ ធនាគារ PPCBank​ តែងតែនៅជាមួយប្រជាជនកម្ពុជាជានិច្ច នៅក្នុងកាលៈទេសៈលំបាកបែបនេះ ហើយយើងសង្ឃឹមថា កម្ពុជានឹងរួចផុតពីគ្រោះធម្មជាតិទឹកជំនន់ឆាប់ៗ”។

លោកបន្តថា៖ “ការចូលរួមបរិច្ចាគពីសប្បុរសជន ទោះបីជាតិចក្តី ច្រើនក្តី បានរួមចំណែកលើកកម្ពស់ ស្មារតីសហគមន៍ ហើយយើងពិតជាមានចិត្តរំភើប និងរីករាយក្រៃលែងចំពោះទឹកចិត្តសប្បុរសរបស់ សាធារណជន អតិថិជន និងបុគ្គលិករបស់យើង ដែលបានផ្តល់ជំនួយមនុស្សធម៌ជួយពលរដ្ឋកំពុងជួប ការលំបាក។”

នៅធនាគារ PPCBank គុណតម្លៃស្នូលរបស់យើង គឺការរួមដៃគ្នាផ្តល់ជំនួយសង្រ្គោះបន្ទាន់ដល់ក្រុម គ្រួសាររងគ្រោះដោយទឹកជំនន់។ ដើម្បីស​ម្រេចនូវគោលគំនិតខាងលើ ធនាគារ PPCBank បាននិងកំពុង ចូលរួមយ៉ាងសកម្មនៅក្នុងកិច្ចខិតខំប្រឹងប្រែងជួយប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ នៅក្នុងរយៈពេល ប៉ុន្មានឆ្នាំចុងក្រោយនេះ។ ក្នុងនោះ ធនាគារបានរៀបចំកម្មវិធីរៃអង្គាសប្រាក់ជួយគ្រួសាររងគ្រោះក្នុងខេត្ត​ពោធិ៍សាត់ និងបាត់ដំបង តាមរយៈធនាគារជាតិនៃកម្ពុជា និងបាននាំយកអំណោយជាស្បៀងអាហារ ចែកជូនពលរដ្ឋរងគ្រោះប្រមាណ ៤០០គ្រួសារ នៅក្នុងខេត្តកំពង់ស្ពឺ និងកោះកុង។ ធនាគារ PPCBank បានត្រៀមខ្លួនជាស្រេច ក្នុងការជួយប្រជាជនរងគ្រោះគ្រប់ពេលវេលា និងគ្រប់ទីកន្លែង នៅពេលដែល មានគ្រោះធម្មជាតិនេះកើតឡើង។