Skip to main content

PPCBank បរិច្ចាគថវិកាជូនហាងកាហ្វេ OWN SPACE U ដើម្បីលើកកម្ពស់ឱកាសការងារសម្រាប់ជនពិការគថ្លង់

កាលបរិច្ឆេទ: February 18, 2026

ភ្នំពេញ៖ ធនាគារ PPCBank កាលពីថ្ងៃទី16 ខែកុម្ភៈ ឆ្នាំ2026 បានបរិច្ចាគថវិកាចំនួន 6,600 ដុល្លារអាមេរិក ដល់ហាងកាហ្វេ OWN SPACE U ដើម្បីរួមចំណែកលើកកម្ពស់ ឱកាសការងារដល់អ្នកអសមត្ថភាពនិយាយ និងស្តាប់ ឱ្យមានសិទ្ធិចូលរួមធ្វើការងារជាមួយសង្គម ប្រកបដោយសេចក្តីថ្លៃថ្នូរ ដូចប្រជាជនដទៃទៀត។


កន្លងមក ធនាគារ PPCBank តែងតែបានផ្សារភ្ជាប់ខ្លួនយ៉ាងសកម្មទៅនឹងកិច្ចការសង្គមជាច្រើន ដើម្បីបង្កើតគុណតម្លៃយូរអង្វែង និងអត្ថប្រយោជន៍ដ៏មានអត្ថន័យសម្រាប់សង្គមជាតិ។ ធនាគារជឿជាក់ថា ការឧបត្ថម្ភជាថវិកា និងសម្ភារៈ តាមរយៈសកម្មភាពសប្បុរសធម៌នានា នឹងជួយបណ្តុះវប្បធម៌នៃការចែករំលែក ដែលជាមាគ៌ាដ៏សំខាន់មួយក្នុងការរួមគ្នាផ្តល់ស្នាមញញឹម និងអាចបង្កើតឱ្យមានភាពវិជ្ជមានកាន់តែច្រើននៅក្នុងសង្គម។

លោក Lee Jinkyu នាយកប្រតិបត្តិរងធនាគារ PPCBank មានប្រសាសន៍ថា៖ “យើងមានចក្ខុវិស័យ និងគោលដៅរួមជាមួយគ្នា ក្នុងការជួយយុវជន និងសង្គមជាតិ។ ដូច្នេះយើងសង្ឃឹមថា ការឧបត្ថម្ភថវិកានាពេលនេះ នឹងចូលរួមចំណែកក្នុងការជួយឱ្យហាងកាហ្វេ OWN SPACE U បន្តពង្រឹងសមត្ថភាពរបស់ខ្លួន ក្នុងការផ្តល់ឱកាសការងារជូនជនពិការគថ្លង់ ដោយមិនមានការរើសអើង ព្រមទាំងលើកទឹកចិត្តដល់ពួកគាត់ឱ្យទទួលបានការបណ្តុះបណ្តាល នៅអំឡុងពេលធ្វើការ ដើម្បីអាចវិវត្តខ្លួនក្លាយជាម្ចាស់អាជីវកម្មនាថ្ងៃខាងមុខផងដែរ”។

លោកបានបន្ថែមថា៖ “ធនាគារ PPCBank នឹងនៅតែបន្តសកម្មភាពមនុស្សធម៌ និងសកម្មភាពសង្គមផ្សេងៗទៀតនាពេលអនាគត ដើម្បីជំរុញការអភិវឌ្ឍក្នុងសហគមន៍ ក៏ដូចជាបន្តចែករំលែកក្តីស្រឡាញ់ និងផ្តល់ស្នាមញញឹមជូនដល់សង្គមជាតិ ឱ្យបានកាន់តែច្រើនថែមទៀត”៕