Skip to main content

PPCBank នាំយកអំណោយ និងរៀបចំអាហារជូនពលរដ្ឋភៀសសឹកចំនួន ១,០០០នាក់ នៅស្រុកបន្ទាយស្រី

កាលបរិច្ឆេទ: January 12, 2026

ខេត្តសៀមរាប ៖ នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ ធនាគារ PPCBank បាននាំយកអំណោយសប្បុរសធម៌ ជូនដល់បងប្អូនភៀសសឹកប្រមាណ ១,០០០នាក់ ក្នុងនោះកុមារជាង ២០០នាក់ ដែលកំពុងស្នាក់នៅក្នុងជំរំបណ្តោះអាសន្ន នៅស្រុកបន្ទាយស្រី ខេត្តសៀមរាប។ អំណោយរួមមាន មី ទឹកបរិសុទ្ធ និងសម្ភារសិក្សាមួយចំនួនសម្រាប់កុមារ។


ក្រៅពីអំណោយ ធនាគារ PPCBank ក៏បានរៀបចំអាហារជូនដល់ពួកគាត់ពិសាផងដែរ ដែលសកម្មភាពនេះបង្ហាញនូវស្មារតីសាមគ្គីភាព និងការជួយគ្នាទៅតាមលទ្ធភាពរៀងៗខ្លួន ដើម្បីពួកគាត់មានអាហារបរិភោគគ្រប់គ្រាន់ និងមានសម្ភារៈប្រើប្រាស់តាមតម្រូវការ នៅក្នុងអំឡុងពេលនៃការបម្លាស់ទីនេះ។

ថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់លំដាប់ថ្នាក់របស់ធនាគារ PPCBank នឹងបន្តរួមដំណើរជាមួយបងប្អូន ប្រជាពលរដ្ឋកម្ពុជាគ្រប់កាលៈទេសៈទាំងអស់ ហើយការរួមចំណែកមួយនេះ គឺជាការបង្ហាញនូវ ស្មារតីមនុស្សធម៌ កម្លាំងរួបរួម ដើម្បីប្រទេសជាតិមាតុភូមិរបស់យើង។

លោក Lee Jin Young នាយកប្រតិបត្តិធនាគារ PPCBank បានថ្លែងបញ្ជាក់ថា៖“អំណោយទាំងនេះ គឺជាសន្តានចិត្តរួមគ្នាពីសំណាក់ថ្នាក់ដឹកនាំ និងបុគ្គលិកនៃធនាគារ PPCBank ក្នុងការជួយសម្រាលការលំបាក ក៏ដូចជាលើកទឹកចិត្តដល់បងប្អូនភៀសសឹក ដែលធ្វើឲ្យពួកគាត់ មិនមានអារម្មណ៍ថាឯកាឡើយ”។

លោកបន្តទៀតថា៖ “តាមរយៈការផ្តល់អំណោយសប្បុរសធម៌ និងការរៀបចំអាហារជូនជនភៀសសឹក នាពេលនេះ គឺបានបង្កើតនូវស្នាមញញឹមដ៏កក់ក្តៅ និងការចូលរួមទទួលខុសត្រូវចំពោះសង្គម ដែលជាកម្លាំងចិត្តដ៏សំខាន់មួយ សម្រាប់ជួយប្រជាពលរដ្ឋដែលកំពុងឆ្លងកាត់ការលំបាក។”

គួររម្លឹកផងដែរថា ធនាគារ PPCBank តែងតែចូលរួមចំណែកជួយដល់សហគមន៍ ក៏ដូចជាបងប្អូនប្រជាជនកម្ពុជាក្នុងគ្រាលំបាក ដោយកន្លងមក ទាំងស្ថាប័នផ្ទាល់ និងបុគ្គលិកទាំងអស់ បានចូលរួមគាំទ្រយ៉ាងសកម្ម ជាស្មារតី ឬចូលរួមបរិច្ចាគជាថវិកា តាមលទ្ធភាពផ្ទាល់ខ្លួន ជួយពលរដ្ឋភៀសសឹក និងពលរដ្ឋរងគ្រោះនានា។

ជាថ្មីម្តងទៀត ធនាគារ PPCBank សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធក្នុងលោក សូមតាមថែរក្សាវីរកងទ័ព និងប្រជាជនខ្មែរទាំងអស់ ឲ្យមានសេចក្តីសុខ និងសុវត្ថិភាពជានិច្ចនិរន្តរ៍៕