ធនាគារ PPCBank បានប្រកាសដាក់ឱ្យប្រើប្រាស់គណនី Buddy Bank ដែលជាផលិតផលហិរញ្ញវត្ថុដ៏ថ្មីសន្លាងមួយនៅកម្ពុជា ដែលបានរចនាឡើង ដើម្បីផ្តល់មធ្យោបាយកាន់តែទំនើប និងងាយស្រួលជាងមុន ក្នុងការសន្សំប្រាក់ និងការគ្រប់គ្រងប្រាក់ជាក្រុម បែបលក្ខណៈគ្រួសារ មិត្តភកិ្ត ក្រុមការងារ ឬសហគមន៍។
ធនាគារ PPCBank ដាក់ឱ្យដំណើរការគណនី Buddy Bank ពិសេសមិនធ្លាប់មាននៅកម្ពុជា
ដោយបានធ្វើសមាហរណកម្មយ៉ាងពេញលេញទៅក្នុងកម្មវិធី PPCBank Mobile App គណនីថ្មីនេះ នឹងធានាបានថា រាល់ការប្រមូលប្រាក់ ការតាមដានសមាជិកចូលរួមក្រុម និងការអនុម័តចំណាយផ្សេងៗ ត្រូវបានដំណើរការឡើងប្រកបដោយភាពសាមញ្ញ ងាយស្រួល និងមានតម្លាភាពបំផុត។
អត្ថប្រយោជន៍ដ៏សំខាន់មួយរបស់គណនី Buddy Bank គឺអតិថិជនអាចសន្សំប្រាក់ជាក្រុម ដើម្បីសម្រេចគោលដៅរួមគ្នា មិនថាការសន្សំជាលក្ខណៈគ្រួសារ សន្សំសម្រាប់រៀបចំកម្មវិធី សន្សំសម្រាប់ដំណើរកម្សាន្តជាក្រុម សន្សំសម្រាប់មូលនិធិសហគមន៍ ឬសន្សំសម្រាប់ការទិញសម្ភារៈរួមគ្នា ព្រមទាំងមានសមត្ថភាពអាចឱ្យសមាជិកចូលរួមបានរហូតដល់ ៥០ នាក់ ក្នុងមួយគណនីផងដែរ។
គួរបញ្ជាក់ថា ធនាគារ PPCBank បង្កើតគណនីនេះឡើង គឺសម្រាប់ឱ្យអតិថិជនធ្វើការសន្សំ និងគ្រប់គ្រងប្រាក់រួមគ្នាតាមរបៀបសាមញ្ញ មានសុវត្ថិភាព និងគ្មានការបង្ខិតបង្ខំ។ សមាជិកមិនត្រឹមតែមានសិទ្ធិ សម្រេចចូលរួម ឬយល់ព្រមដាក់ប្រាក់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទទួលបានសារជូនដំណឹងអំពីរាល់សកម្មភាព របស់ក្រុមផងដែរ ក្នុងនោះរួមមាន ការដាក់ប្រាក់ ការដកប្រាក់ ការចូលរួម ឬការចាកចេញរបស់សមាជិក ដែលបង្ហាញពីភាពច្បាស់លាស់ និងតម្លាភាពសម្រាប់សមាជិកទាំងអស់។
តាមរយៈគណនី Buddy Bank ធនាគារ PPCBank បាននិងកំពុងផ្តល់វិធីសាស្រ្តថ្មីមួយ ក្នុងការបង្កើតថវិការួមគ្នា សម្រាប់តម្រូវការប្រចាំថ្ងៃរបស់ក្រុម។ Buddy Master អាចស្នើសុំប្រាក់ពីក្រុមទាំងមូល ឬពីសមាជិកជាក់លាក់ណាម្នាក់ ដោយផ្អែកលើការយល់ព្រមទាំងស្រុងរបស់ពួកគេ ដើម្បីធានាបាននូវ ភាពត្រឹមត្រូវ សុវត្ថិភាព និងការមើលឃើញជាក់ស្តែងពីសមាជិកក្រុមម្នាក់ៗ។
ដើម្បីអបអរសាទរដល់ការដាក់ឱ្យដំណើរការផលិតផលថ្មីនេះ ធនាគារ PPCBank បានបង្កើតកម្មវិធីផ្តល់រង្វាន់ជាច្រើនចាប់ពីឆ្នាំ២០២៦នេះតទៅ ដូចជាកម្មវិធីណែនាំអតិថិជនទទួលបានប្រាក់រង្វាន់ និងកម្មវិធី “Most Active Buddy Pool” ដោយផ្តល់ជូននូវប្រាក់រង្វាន់ប្រចាំសប្តាហ៍សម្រាប់គណនីក្រុម ដែលមានប្រតិបត្តិការច្រើនជាងគេ។ គណនីក្រុមដែលមានសកម្មភាពច្រើននេះ ក៏នឹងទទួលបានសិទ្ធិ ក្នុងការចូលរួមផ្សងសំណាងឈ្នះរង្វាន់ធំទឹកប្រាក់ ៥០០ដុល្លារ នៅជុំចុងក្រោយនៃកម្មវិធីផងដែរ។ ជាងនេះទៅទៀត អតិថិជនអាចបង្កើតវីដេអូ Buddy Bank ខ្លីៗ សម្រាប់ TikTok និងបណ្តាញសង្គមផ្សេងៗ ជាមួយនឹងប្រាក់រង្វាន់ប្រចាំសប្តាហ៍ចំនួន ១០០ដុល្លារ សម្រាប់វីដេអូដែលមានចំនួនអ្នកមើលច្រើនជាងគេ ឬវីដេអូដែលមានភាពច្នៃប្រឌិតបំផុត។
ការដាក់ឱ្យដំណើរការគណនី Buddy Bank គឺជាការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តជាបន្តរបស់ធនាគារ PPCBank ក្នុងការលើកកម្ពស់ការផ្តល់ជូនផលិតផល ក៏ដូចជាការបង្កើតគុណតម្លៃដ៏មានអត្ថន័យសម្រាប់អតិថិជន តាមរយៈភាពច្នៃប្រឌិតរបស់ខ្លួន។ ស្ថិតក្នុងចំណោមជម្រើសផលិតផលដ៏ល្អបំផុត ដូចជាគណនីសន្សំ Piggy Bank និងគណនីសន្សំកុមារ គណនី Buddy Bank ផ្តោតសំខាន់លើការឆ្លើយតបទៅនឹងការកើនឡើង នៃគម្រោងសន្សំប្រាក់ជាក្រុមដែលមានលក្ខណៈទំនើប ស្របតាមតម្រូវការទីផ្សារកម្ពុជា។
ធនាគារ PPCBank ជឿជាក់ថា អតិថិជនគួរតែមានសេរីភាព ក្នុងការជ្រើសរើសរបៀបដែលខ្លួនសន្សំ មិនថាសន្សំផ្ទាល់ខ្លួន ឬសន្សំជាដៃគូជាមួយមនុស្សជាទីស្រឡាញ់ មិត្តភក្តិ ឬក្រុមការងារ ដើម្បីឆ្ពោះទៅរកការសម្រេចគោលដៅរួមគ្នា។
លោក Lee Jin Young នាយកប្រតិបត្តិនៃធនាគារ PPCBank បានសង្កត់ធ្ងន់អំពីគំនិតផ្តួចផ្តើមថ្មី ដែលផ្តោតការយកចិត្តទុកដាក់ខ្ពស់លើអតិថិជន។ ក្នុងនោះ លោកបានមានប្រសាសន៍ថា៖ “គណនី Buddy Bank តំណាងឱ្យជំហានដ៏សំខាន់មួយ នៅក្នុងបេសកកម្មរបស់យើង ក្នុងការធ្វើឱ្យសេវាធនាគារ កាន់តែងាយស្រួលប្រើប្រាស់ និងមានអត្ថន័យសម្រាប់អតិថិជនរបស់យើង។ យើងយល់ថាគោលដៅហិរញ្ញវត្ថុជាច្រើន មិនត្រឹមតែអាចសម្រេចបានជាលក្ខណៈបុគ្គលប៉ុណ្ណោះទេ ប៉ុន្តែតាមរយៈកម្លាំងសហគមន៍ និងកិច្ចសហប្រតិបត្តិការផងដែរ”។
លោកបន្តថា៖ “ជាមួយគណនី Buddy Bank យើងកំពុងផ្តល់ឱ្យអតិថិជននូវមធ្យោបាយឆ្លាតវៃ និងងាយស្រួលសម្រាប់ការសន្សំប្រាក់រួមគ្នា ព្រមទាំងការគ្រប់គ្រងប្រាក់សន្សំដែលមានតម្លាភាព ដើម្បីបង្កើនទំនុកចិត្តនៅក្នុងក្រុមរបស់ខ្លួនផងដែរ។ គំនិតច្នៃប្រឌិតថ្មីនេះ សបញ្ជាក់ពីការប្តេជ្ញាចិត្តឥតឈប់ឈររបស់យើង ក្នុងការស្វែងយល់ពីតម្រូវការអតិថិជន ដើម្បីផ្តល់ជូនដំណោះស្រាយហិរញ្ញវត្ថុឌីជីថល ដែលធ្វើឱ្យជីវិតប្រចាំថ្ងៃរបស់ពួកគេកាន់តែប្រសើរឡើង”។
ខណៈឆ្នាំ ២០២៦ កាន់តែខិតជិតមកដល់ ធនាគារ PPCBank លើកទឹកចិត្តអតិថិជន ឱ្យចាប់ផ្តើមឈានទៅរករបត់ថ្មីសំខាន់ៗ ដោយធ្វើការសន្សំរួមគ្នា តាមរយៈ Buddy Bank។ ការបើកគណនីនេះ មានភាពងាយស្រួល រហ័ស ដោយអាចបង្កើតបានដោយខ្លួនឯងតាម PPCBank Mobile App៕

