ធនាគារ PPCBank នាថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥នេះ បានបង្ហាញការចូលរួមចំណែករបស់ខ្លួន ក្នុងការសម្រាលទុក្ខលំបាករបស់ប្រជាជនកម្ពុជា តាមរយៈការនាំយកនូវស្បៀងអាហារមួយចំនួន ដែលបានមកពីការចូលរួមបរិច្ចាគរបស់អតិថិជន បុគ្គលិក និងសាធារណជនគ្រប់មជ្ឈដ្ឋាន ទៅជូនបងប្អូនជនភៀសសឹក នៅស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។
ធនាគារ PPCBank នាំយកអំណោយស្បៀងចែកជូនបងប្អូនភៀសសឹក នៅខេត្តឧត្តរមានជ័យ
អំណោយដែលបានយកទៅចែកជូននោះរួមមាន៖ អង្ករ ៥តោន ទឹកត្រី ២៥០យួរ ទឹកស៊ីអ៊ីវ ២៥០យួរ ទឹកបរិសុទ្ធ ១០០កេស និងសម្ភារៈមួយចំនួនទៀត។
ការឧបត្ថម្ភនេះ គឺជាការយកចិត្តទុកដាក់ប្រកបដោយស្មារតីសាមគ្គីភាពរបស់ថ្នាក់ដឹកនាំ រួមទាំងអតិថិជន និងបុគ្គលិកធនាគារ PPCBank ជាមួយប្រជាជនកម្ពុជា ដែលត្រូវបានជម្លៀសទៅកាន់តំបន់សុវត្ថិភាព ហើយក៏ជាការបញ្ជាក់ពីស្មារតីនៃកាតព្វកិច្ចជួយគ្នាទៅវិញទៅមក ដែលជាប្រភពនៃភាពរឹងមាំ នៅក្នុងសង្គមជាតិយើង។
លោក Lee Jin Young នាយកប្រតិបត្តិធនាគារ PPCBank បានមានប្រសាសន៍ថា៖ “ការនាំយកអំណោយ ទៅចែកជូនប្រជាពលរដ្ឋភៀសសឹកនាពេលនេះ ថ្វីត្បិតតែមិនអាចបំពេញតម្រូវការរបស់បងប្អូន បានគ្រប់គ្រាន់ក៏ពិតមែន តែក៏ជាការរួមចំណែកជួយសម្រួលការខ្វះខាតដល់បងប្អូនខ្មែរ បានមួយរយៈពេលផងដែរ”។
លោកបានមានប្រសាសន៍បន្តថា៖ “ផលវិបាកនៃសង្រ្គាមបានបង្កមហន្តរាយ បំផ្លិចបំផ្លាញទ្រព្យសម្បត្តិ និងសោកនាដកម្មយ៉ាងធ្ងន់ធ្ងរ ដោយឆក់យកជីវិត ទាំងទាហាន និងជនស៊ីវិលស្លូតត្រង់។ ដូច្នេះ សម្រាប់អ្នកដែលពុំសូវស្គាល់កម្ពុជា ខ្ញុំសូមជម្រាបជូនពីបំណងប្រាថ្នាពិតប្រាកដរបស់ប្រទេសកម្ពុជា គឺសន្តិភាព ហើយខ្ញុំក៏ជឿជាក់ថាប្រជាជនកម្ពុជាក៏ចង់បានសន្តិភាពដូចគ្នាដែរ។”
កិច្ចខិតខំប្រឹងប្រែងទាំងនេះ បានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់ធនាគារ PPCBank ក្នុងការលើកស្ទួយសហគមន៍ ក៏ដូចជាគាំទ្រប្រជាជនកម្ពុជា ជាពិសេសនៅក្នុងអំឡុងពេល ប្រទេសជាតិកំពុងជួបការលំបាកបែបនេះ។
គួរបញ្ជាក់ផងដែរថា ធនាគារ PPCBank តែងតែបន្តយកចិត្តទុកដាក់ជានិច្ចក្នុងការចូលរួមចំណែក ក្នុងសកម្មភាពសង្គម ដែលសកម្មភាពនេះ គឺជាបេសកកម្មមួយដែលធនាគារបាន និងកំពុងអនុវត្ត យ៉ាងល្អខ្ជាប់ខ្ជួន ក្នុងការផ្តល់ត្រលប់ទៅកាន់សង្គមជាតិវិញ៕