Skip to main content

ធនាគារ PPCBank ស្ថិតក្នុងចំណោមធនាគារដំបូងគេនៅកម្ពុជា ដែលពង្រីកសេវាទូទាត់ឆ្លងដែនតាម QR Code នៅក្នុងប្រទេសជប៉ុន

កាលបរិច្ឆេទ: June 9, 2026

ធនាគារ PPCBank សម្រេចបាននូវសមិទ្ធផលដ៏សំខាន់មួយ នៅក្នុងវិស័យធនាគាររបស់កម្ពុជា ដោយបានក្លាយជាធនាគារពាណិជ្ជដំបូងគេ ដែលដាក់ឱ្យដំណើរការសេវាទូទាត់ឆ្លងដែនតាមកូដ QR នៅក្នុងប្រទេសជប៉ុន។ ការបោះជំហាននេះបានបង្ហាញយ៉ាងច្បាស់ពីការប្តេជ្ញាចិត្តរបស់ធនាគារ ក្នុងការផ្តល់ជូនដំណោះស្រាយសេវាធនាគារអន្តរជាតិ ដែលមានភាពងាយស្រួល ប្រកបដោយភាពច្នៃប្រឌិត និងផ្តោតលើអតិថិជនជាចម្បង។


ជំហានយុទ្ធសាស្ត្រនេះ ធ្វើឡើងស្របពេលដែលការតភ្ជាប់ប្រព័ន្ធទូទាត់ QR ឆ្លងដែន រវាងកម្ពុជា និងជប៉ុន កំពុងបន្តរីកចម្រើនយ៉ាងឆាប់រហ័ស។ ការធ្វើសមាហរណកម្មនេះ អនុញ្ញាតឱ្យអ្នកប្រើប្រាស់ នៅក្នុងប្រទេសកម្ពុជា អាចធ្វើការទូទាត់ប្រាក់បានភ្លាមៗនៅប្រទេសជប៉ុន ដោយគ្រាន់តែស្កេនកូដ JPQR តាមរយៈកម្មវិធីទូរស័ព្ទដៃរបស់ធនាគារ PPCBank។ នេះគឺជាការបោះជំហានទៅមុខយ៉ាងសំខាន់មួយ ក្នុងការជំរុញប្រតិបត្តិការហិរញ្ញវត្ថុឌីជីថលរវាងប្រទេសទាំងពីរ។

តាមរយៈការសម្របខ្លួនឱ្យស្របតាមប្រព័ន្ធអេកូឡូស៊ីដែលកំពុងរីកចម្រើននេះ ធនាគារ PPCBank បាន និងកំពុងពង្រឹងសមត្ថភាពរបស់ខ្លួន ក្នុងការផ្តល់សេវាទូទាត់អន្តរជាតិ ដែលមានភាពរហ័ស សុវត្ថិភាព និងងាយស្រួលប្រើប្រាស់។ គំនិតផ្តួចផ្តើមនេះ ត្រូវបានរៀបចំឡើង ដើម្បីឆ្លើយតបទៅនឹងតម្រូវការកើនឡើងរបស់អតិថិជន ដែលធ្វើដំណើររវាងកម្ពុជា និងជប៉ុន សម្រាប់គោលបំណងផ្សេងៗ ដូចជាការសិក្សា និងអាជីវកម្ម ខណៈដែលប្រទេសទាំងពីរកំពុងមានទំនាក់ទំនងសេដ្ឋកិច្ច និងសង្គមកាន់តែជិតស្និទ្ធ។

សេវាកម្មនេះ ត្រូវបានរំពឹងថា នឹងផ្តល់អត្ថប្រយោជន៍យ៉ាងទូលំទូលាយដល់អ្នកប្រើប្រាស់ រួមមានពលករ កម្ពុជាដែលកំពុងបម្រើការងារនៅប្រទេសជប៉ុន និស្សិតដែលកំពុងបន្តការសិក្សានៅទីនោះ និងអាជីវកម្មនានាដែលពាក់ព័ន្ធនឹងពាណិជ្ជកម្មឆ្លងដែន។ ជាមួយនឹងកម្រៃសេវាប្រតិបត្តិការប្រកួតប្រជែង និងនីតិវិធីសាមញ្ញៗ តាមរយៈប្រព័ន្ធធនាគារឌីជីថល ធនាគារ PPCBank មានគោលបំណងផ្តល់បទពិសោធន៍ទូទាត់ប្រាក់ ដែលមានភាពងាយស្រួល និងប្រសិទ្ធភាព ស្របតាមតម្រូវការរបស់អតិថិជននាសម័យទំនើប។

ការអភិវឌ្ឍនេះ ក៏ជាការបំពេញបន្ថែមដល់បណ្តាញទូទាត់ប្រាក់តាមប្រព័ន្ធ QR ដែលកំពុងរីកចម្រើន របស់កម្ពុជាផងដែរ។ តាមរយៈអន្តរប្រតិបត្តិការ KHQR អ្នកប្រើប្រាស់នៅកម្ពុជា អាចទូទាត់ប្រាក់តាមការស្កេន QR ឆ្លងដែនរួចហើយ នៅក្នុងប្រទេសមួយចំនួននៃសមាជិកអាស៊ាន រួមមាន ប្រទេសឡាវ វៀតណាម ម៉ាឡេស៊ី និងសិង្ហបុរី។ ការពង្រីកសេវាកម្មទៅកាន់ប្រទេសជប៉ុននេះ បានបង្ហាញពីវឌ្ឍនភាពជាបន្តបន្ទាប់របស់កម្ពុជា ក្នុងការកសាងប្រព័ន្ធទូទាត់ឌីជីថល ដែលកាន់តែទូលំទូលាយ និងប្រកបដោយបរិយាបន្ន។

ក្រៅពីផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ម្នាក់ៗ ការបោះជំហាននេះក៏ត្រូវបានរំពឹងថានឹងជួយជំរុញ សកម្មភាពសេដ្ឋកិច្ចកាន់តែទូលំទូលាយ ដូចជាពាណិជ្ជកម្ម ទេសចរណ៍ និងពាណិជ្ជកម្មឆ្លងដែន។ ការពង្រឹងការតភ្ជាប់រវាងប្រព័ន្ធ KHQR និងប្រព័ន្ធ QR អន្តរជាតិ នឹងជួយពង្រឹងការតភ្ជាប់ហិរញ្ញវត្ថុ ឱ្យកាន់តែស៊ីជម្រៅ ពន្លឿនការចាប់យកបច្ចេកវិទ្យាឌីជីថល និងរួមចំណែកដល់កំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាពនៅក្នុងតំបន់។

សម្លឹងឆ្ពោះទៅកាន់អនាគត ធនាគារ PPCBank នៅតែបន្តប្តេជ្ញាចិត្តលើកកម្ពស់សមត្ថភាពទូទាត់ឆ្លងដែនរបស់ខ្លួន និងស្វែងរកដៃគូថ្មីៗ ដើម្បីពង្រីកវត្តមានទៅកាន់ទីផ្សារអន្តរជាតិបន្ថែមទៀត។ ធនាគារមានគោលបំណងដើរតួនាទីយ៉ាងសកម្ម ក្នុងការគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា តាមរយៈការសម្រួលប្រតិបត្តិការហិរញ្ញវត្ថុសកលឱ្យកាន់តែរលូន និងកាន់តែងាយស្រួល។

លោក Lee Jin Young នាយកប្រតិបត្តិធនាគារ PPCBank បានសង្កត់ធ្ងន់លើសារៈសំខាន់នៃគំនិតផ្តួចផ្តើមថ្មីនេះ។

លោកបានមានប្រសាសន៍ថា៖ «ការដាក់ឱ្យដំណើរការសេវាទូទាត់ឆ្លងដែននៅក្នុងប្រទេសជប៉ុន គឺជាសមិទ្ធផលដ៏សំខាន់មួយនៅក្នុងដំណើររបស់យើង ក្នុងការផ្តល់ដំណោះស្រាយធនាគារដែលមានភាពងាយស្រួល និងប្រកបដោយនវានុវត្តន៍សម្រាប់អតិថិជនរបស់យើង។ ខណៈពេលដែលប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុកាន់តែមានការផ្សារភ្ជាប់គ្នាខ្លាំង យើងប្តេជ្ញាធានាថា អតិថិជនរបស់យើងអាចធ្វើប្រតិបត្តិការឆ្លងដែនបានយ៉ាងងាយស្រួល សុវត្ថិភាព និងទំនុកចិត្ត»

លោកបានបន្ថែមថា៖ «យើងជឿជាក់ថា គំនិតផ្តួចផ្តើមនេះ មិនត្រឹមតែបង្កើនភាពងាយស្រួលសម្រាប់អ្នកប្រើប្រាស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងគាំទ្រដល់ការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងកម្ពុជា និងជប៉ុនផងដែរ។ ធនាគារ PPCBank នឹងបន្តវិនិយោគលើនវានុវត្តន៍ឌីជីថល និងភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីពង្រីកសមត្ថភាពសេវាធនាគារឆ្លងដែនរបស់យើង ក៏ដូចជារួមចំណែកដល់កំណើនសេដ្ឋកិច្ចរយៈពេលវែងរបស់កម្ពុជា»